ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត

    BY Khmernote Media July 24, 2024
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL(សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

    យោងតាមការ វិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml (ដូចមានរូបភាពផលិតផលភ្ជាប់មកជាមួយ) ដែលផលិត ដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត

    សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការ ជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង គឺ ទី១. សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និង ទី២. ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធផងដែរ។

    ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំទទួលទានស្រាទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករឈប់ចែកចាយ ឬ លក់ស្រាទាំងនេះ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តារាជធានី-ខេត្ត បន្តសហការ ណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង ៣ ប្រភេទខាងលើឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់។

    ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: