តារាសម្តែងវ័យក្មេងល្បីៗប៉ុន្មានដួងនេះ កំពុងលេចមុខរួមគ្នាក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ហង្សមាស
- BY
- Liny Chan
- July 24, 2024
រឿងភាគខ្មែរថ្មីមួយទៀតហើយ ដែលកំពុងតែចូលមកអង្រួនបេះដូងរបស់អ្នកតាមដាន និងគាំទ្ររឿងភាគខ្មែររបស់ទូរទស្សន៍ហង្សមាស ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗវ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ្រាន់តែបានឃើញពីសមាសភាពតួសម្ដែងក្នុងភាពយន្តមួយនេះ ទស្សនិកប្រាកដជាចង់តាមដានទស្សនាជាមិនខាន ។ រឿង សិស្សកូនមួយ ជាភាពយន្តភាគថ្មីមួយចូលរួមសម្ដែងដោយតារាសម្ដែងវ័យក្មេងល្បីៗជាច្រើនដួងរួមមាន អាង សុជាតា, ហេង ម៉េងឃុន, បេ គីមសិញ, ហៃ ប៉ោហុង, ជា ជូលី ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់តួសម្ដែងជើងចាស់ដូចជា អ្នកនាង និន ធារ៉ា អ្នកស្រី រ៉េត រ៉ុស ជាដើមផងដែរ ។

ទន្ទឹមនឹងតួអង្គល្បីៗដែលកំពុងតែស្ថិតក្នុងបេះដូងយុវវ័យ សាច់រឿងវិញក៏ប្រទាក់ក្រឡាគ្នាមិនធម្មតាដែរ ។ ក្នុងអត្ថន័យនៃសាច់រឿងទាំងមូលក៏បានបង្កប់នូវអត្ថន័យអប់រំមួយចំនួន ជាពិសេសគឺសម្រាប់យុវវ័យ ដែលជាវ័យមួយដែលចូលចិត្តសប្បាយ អាចនឹងភ្លេចខ្លួន ឬលង់ទៅតាមបរិយាកាសខ្មៅងងឹតនៅជុំវិញខ្លួន ឬការលួងលោមជាដើម ។

រឿង សិស្សកូនមួយ ជាស្នាដៃរបស់អ្នកដឹកនាំឆ្នើមមួយរូបរបស់ទូរទស្សន៍ហង្សមាសគឺលោក សេង សុវណ្ណារ៉ា ហើយរឿងភាគថ្មីនេះកំពុងចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់ ៕






- Share This Post:






