ខណៈឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងឈានចូលដល់ថ្ងៃទី១៣ហើយ សម្តេចធិបតីណែនាំឱ្យនៅតែបន្តបេសកកម្មរុករក
- July 24, 2024
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់កម្ពុជា ទោះក្នុងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុដ៏លំបាកក្តីអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។

ជាមួយគ្នានេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកសម្តេចធិបតី កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាបានណែនាំក្រុមរុករកត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដាឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ធុន Z-9 លេខ MH912 ដឹកនាំដោយ លោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិកហោះហើរ ក្នុងពេលហ្វឹកហ្វឺន ខ្សែរត់ពីភ្នំពេញទៅថ្មដា បន្តទៅពោធិ៍សាត់ហើយត្រឡប់មកវិញ តែបានបាត់ការទាក់ទងជាមួយ ទីបញ្ជាការទ័ពអាកាសនៅពេលហោះហើរនៅម្តុំជួរភ្នំក្រវ៉ាញ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្រក្រសួងការពារជាតិ បានស្រាយបំភ្លឺថា ការអូសបន្លាយពេលរុករកយូរដូចនេះ គឺដោយសារតែអាកាសធាតុនៅតំបន់ភ្នំ ធ្លាក់ភ្លៀងខ្លាំង ហើយចុះអ័ព្ទ ដិតជាប់នឹងព្រៃ ដែលកម្លាំងល្បាតដោយថ្មើរជើង និងពីលើអាកាសមិនអាចសម្លឹងមើលបានឆ្ងាយ។
យ៉ាងណាក៏ដោយកាលពីថ្ងៃទី២២ខែកក្កដានេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបង្ហាញសេចក្តីសង្ឃឹមថា យើងនឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈមេឃឈប់ភ្លៀងហើយអ័ព្ទបានរំសាយដែលអំណោយផលដល់ការរុករក ដោយអាចសម្លឹងមើលបានឆ្ងាយពីលើអាកាស។
ទន្ទឹមនេះ ការរុករកចាប់ផ្តើមអនុវត្តវិធីសាស្ត្រឧទ្ធម្ភាគចក្រដឹកកម្លាំងល្បាតយកទៅសម្រូតចុះតាមខ្សែដាក់នៅតាមចំណុចសង្ស័យ ហើយមានព្រៃក្រាស់ៗដើម្បីរុក។ សូមបញ្ជាក់ថា នៅពេលចុងក្រោយនេះកម្លាំងរុករកបាន កើនឡើងដល់ជាង១០០០នាក់ហើយ ដោយមានកម្លាំងថ្មើរជើង ក្រុមអាកាស និងកម្លាំងសង្រ្គោះ៕









ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






