អត្តពលិកហែលទឹកកម្ពុជា អង់ត្វ័ន និង អប្សរា បង្ហាញការតាំងចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក
- July 25, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 បានឱ្យដឹងថា អត្តពលិកហែលទឹកកម្ពុជា អង់ត្វ័ន និង អប្សរា បានបង្ហាញការតាំងចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ នៅក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

ប្រភពខាងលើ បានឱ្យដឹងថា ធំដឹងក្ដីនៅប្រទេសបារាំងស្រាប់ យុវជន កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ អះអាងថា មិនមានបញ្ហាចោទអ្វីទេ ព្រោះស្គាល់ច្បាស់ពីបរិយាកាសនៅទីនោះ។ នេះជាការថ្លែងរបស់កីឡាករកូនកាត់ខ្មែរបារាំងខាងលើជុំវិញប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។
យុវជនវ័យ១៨ឆ្នាំទទូចថា ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាក្ដីស្រមៃដ៏ធំសម្រាប់អត្តពលិកគ្រប់រូប ដូច្នេះគេបានខិតខំប្រឹងប្រែងខ្លាំងនាពេលកន្លងមក។ ជាក់ស្ដែង ការហ្វឹកហាត់បានប្រព្រឹត្តទៅជាច្រើនម៉ោង និងតាំងពីព្រលឹមៗ លើទឹកដ៏ត្រជាក់។ គេនឹងប្រឹងប្រែងអស់ពីសមត្ថភាព។
ចំណែកកីឡាការិនីកូនកាត់ខ្មែរចាម៉ៃកា កើតនៅសហរដ្ឋអាមេរិក សាក់ប៊ុន អប្សរា កាតារីណា ថ្លែងថា ពិតជាមានកិត្តិយសដែលបានទៅប្រកួតតំណាងកម្ពុជាសាជាថ្មី បន្ទាប់ពីបានព្រឹត្តិការណ៍ SEA GAMES លើកទី៣២ កាលពីឆ្នាំទៅ។ នាងមានជំនឿចិត្តលើខ្លួនឯងខ្លាំង ផ្អែកលើកត្តាមានភាពថ្នឹកលើវិញ្ញាសារបស់ខ្លួន។ គួរឱ្យដឹងដែរថា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ត្រូវប្រកួតវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា។ សម្រាប់កីឡាការិនី អប្សរា វិញ ត្រូវប្រកួតវិញ្ញាសាសេរី ៥០ម៉ែត្រ នៅថ្ងៃទី០៣ ខែសីហា៕

ប្រភព៖ Cambodia 2023
- Share This Post:






