ព័ត៌មានជាតិ

អបអរសាទរ! កូនអណ្តើកហ្លួង ជិតផុតពូជចំនួន១០ក្បាល ញាស់ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ

BY
Khmernote Media
July 26, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ថាការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។

គួរបញ្ជាក់ថាអណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា” ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ពួកយើងជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា”។

សូមបញ្ជាក់ជូនថា អណ្តើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទឧរង្គសត្វ មានឈ្មោះជាភាសាអង់គ្លេស Southern River Terrapin (Royal turtle) និងឈ្មោះវិទ្យាសាស្ត្រ (Batagur affinis)។ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ ជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ ប្រភេទសត្វនេះ អាចបន្តពូជបាននៅអាយុចន្លោះពី១៤ឆ្នាំ ដល់២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង្ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង។

អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែកដូចជើងទា មានក្រញ៉ាំជើង៤ ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ សត្វនេះអាចរស់នៅក្នុងទឹកភ្លាវ(ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង អាចរស់បានរហូតដល់អាយុជាង ១០០ឆ្នាំឡើងទៅ។ អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដូចពពួកខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។

យោងតាមឧបសម្ព័ន្ធទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពី ការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាចក្រកម្ពុជា បានដាក់បញ្ចូលអ “ណ្តើកហ្លួង” ជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជា។ មូលហេតុដែលនាំឱ្យទៅដល់ការដាក់ឈ្មោះអណ្តើកប្រភេទនេះថា «អណ្តើកហ្លួង» ដោយមានប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើកដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។

ក្នុងអំឡុងទសវត្សរ៍៨០ និង៩០ គេជឿថា នៅក្នុងប្រទេសកម្ពុជា អណ្តើកហ្លួងបានផុតពូជទៅហើយ។ ប៉ុន្តែក្នុងឆ្នាំ២០០០ ក្រុមអ្នកជំនាញអាមេរិកមួយក្រុម មកពីអង្គការ Wildlife Conservation Society (WCS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសហការជាមួយរដ្ឋបាលជលផលកម្ពុជា បានរកឃើញវត្តមានសត្វអណ្តើកហ្លួងនេះឡើងវិញ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: