ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ផ្តល់ជូនរ៉ឺម៉ក់ម៉ូតូ១ឈុត និងថវិកាមួយចំនួន ជូនដល់ម្ចាស់រ៉ឺម៉កដែលរងគ្រោះក្នុងហេតុការណ៍បាក់ដើមឈើ នៅខ្លោងទ្វារទន្លេអុំ

BY
Khmernote Media
July 26, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានផ្តល់ជូនរ៉ឺម៉ក់ម៉ូតូ ១ឈុត និងថវិកាមួយចំនួន ជូនដល់លោក ស៊ូ សាវ៉ាត ដែលជាម្ចាស់រ៉ឺម៉ក រងគ្រោះក្នុងហេតុការណ៍បាក់ដើមឈើទាលរលំសង្កត់លើ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំនុចខ្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្នុងខេត្តសៀមរាប។

តាមរយៈការបង្ហោះរបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដោយសារមានក្តីអាណិត និងទឹកចិត្តមេត្តាករុណា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានផ្តល់ ជូនរ៉ឺម៉ក់ម៉ូតូ០១ ឈុត និងថវិកាមួយចំនួន ជូនដល់លោក ស៊ូ សាវ៉ាត ជាម្ចាស់រ៉ឺម៉កដែលរងគ្រោះ ក្នុងហេតុការណ៍ ដើមឈើរលំសង្កត់ នៅខ្លោងទ្វារទន្លេអុំ បណ្តាល អោយរ៉ឺម៉កម៉ូតូខូចខ្ទិចអស់ មិនអាចជួសជុលឡើងវិញបាន ដើម្បីគាំទ្រដល់ដំណើរការរកស៊ី ទទួលទានទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ជូនគ្រួសារគាត់ ឡើងវិញ»។

សូមរំលឹកថា នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យដើមឈើមួយដើមនៅទន្លេអុំ បានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និង សង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់)៕

ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

Share This Post: