ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ចំពោះមរណៈភាពអាកាសយានិក ស៊ុន ផល្លា និងខេង ឆៃយុទ្ធ

    BY Liny Chan July 30, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ចំពោះមរណៈភាពអាកាសយានិក ស៊ុន ផល្លា និងខេង ឆៃយុទ្ធ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន និងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។

    តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចធិបតី បានលើកឡើងថា « មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។

    ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ ។ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ។ ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ ។

    ទន្ទឹមគ្នានេះ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ»។

    តាមក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា គិតត្រឹមព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

    តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ៕

    Share This Post: