ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខំនាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្កាត់បង្ក្រាបបាន ២២នាក់!

    BY Liny Chan July 30, 2024
    ខំនាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្កាត់បង្ក្រាបបាន ២២នាក់!

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។

    សកម្មភាពទំនើងទាំងឡាយណាដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវនៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

    ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

    ប្រភព៖ ផេកផ្លូវការឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

    Share This Post: