ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាឱ្យបោសសំអាតសារធាតុខុសច្បាប់តាមខារ៉ាអូខេ និងក្លឹបរាត្រី ដោយទុកពេល ១សប្ដាហ៍

BY
Khmernote Media
July 31, 2024

រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបោសសំអាតគ្រឿងញៀនតាមខារ៉ាអូខេ និងក្លឹបរាត្រី ដោយទុកពេល ១សប្ដាហ៍ ដើម្បីអនុវត្តផែនការ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំក៏បានណែនាំទៅដល់ស្នងការរាជធានី-ខេត្តទាំងអស់ គឺទុកពេលឱ្យ១សប្ដាហ៍ ដើម្បីរៀបចំផែនការ ហើយចាប់ផ្ដើមអនុវត្តការងារនៅក្នុងសប្ដាហ៍ទី២ យ៉ាងយូរ ក្នុងការបោសសម្អាតតាម KTV ជាពិសេសខាងមុខប្រើប្រាស់ជាស្លាកយីហោ បៀហ្គាឌិន ប៉ុន្តែផ្ទុយទៅវិញគឺជាការប្រើប្រាស់ដោយសេរីនៃការប្រើប្រាស់គ្រឿងញៀន និងសារធាតុផ្សេងៗ។ ឥឡូវនេះម្ស៉ៅ លែងបានក្លាយជាគ្រាប់ហើយ ត្រូវបានគេយកទៅកិនឱ្យម៉ង់បំផុត ថោកបំផុត ធូរថ្លៃក្នុងការទិញ ហើយមានភាពប៉ះពាល់អាក្រក់ទៅកាន់អ្នកប្រើប្រាស់មែនទែន។ ហើយប្រសិនជាអ្នកប្រើប្រាស់នៅអាយុក្រោម ១៨ឆ្នាំ ប្រើតែបីដងគឺខូចខួរក្បាលតែម្ដង។ »

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា៖ «អ៊ឹចឹង នេះគឺជាហានិភ័យខ្ពស់របស់យើង ហើយខ្ញុំជឿងជាក់ថាសមត្ថកិច្ចពាក់ព័ន្ធ ហើយក៏សូមអភិបាលរាជធានី-ខេត្តទាំងអស់ ជួយគាំទ្រទៅលើយុទ្ធនាកានេះ ក្រៅពីយុទ្ធនាកាផ្សេងៗដែលយើងបានធ្វើ ពីពេលនេះ រហូតដល់ចុងឆ្នាំ។ ឥឡូវនេះ យើងប្រឹងអស់ប៉ុននេះហើយ ថ្ងៃក្រោយចេញអ្វីផ្សេងទៀត យើងនឹងចាំអ៊ុតមើលទាំងអស់គ្នា ប៉ុន្តែជារួមយើងត្រូវសហការឱ្យបានម៉ឺងម៉ាត់ទៅលើកិច្ចការងារនេះ» ៕

ប្រភព៖ Sar Sokha

Share This Post: