ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទុកពេល ១ខែ ឱ្យបណ្ដាស្នងការរាជធានី-ខេត្ត សម្អាតការបិទស្ទីគ័រ ការដាក់តាំងវត្ថុផ្សេងៗ ដែលនាំឱ្យបាំងអ្នកបើកបរ

BY
Khmernote Media
July 31, 2024

រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទុកពេល ១ខែ ឱ្យបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្អាតការបិទ ការដាក់តាំង ការព្យួរ វត្ថុផ្សេងៗដែលនាំឱ្យបាំងអ្នកបើកបរ។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ « ខ្ញុំសូមឱ្យឯកឧត្តមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ក្នុងរយៈពេល ១ខែនេះ ឱ្យរឹតបន្ដឹងទៅលើបញ្ហានេះឱ្យអស់។ យើងមិនបានហាមឃាត់ឱ្យគាត់បិទស្ទីគ័រខាងៗទេ ប៉ុន្តែអាស្ទីគ័រនៅខាងមុខ ព្រោះតែគាត់បិទស្ទីគ័រនៅខាងមុខ ពេលគាត់បើកឡានធំៗរាប់តោន ធ្វើឱ្យគាត់ពិបាកសម្រេចចិត្ត ដោយសារបាំងពិបាកមើល ឬមួយមានពាក្យស្លោកមួយចំនួនដែលបិទស្ទីគ័រនៅចំពីលើ។ ម៉្យាងទៀតនោះ ឡានខ្លះគឺមានទាំងភួយ មានទាំងមុង ដាក់ចំខាងមុខទៅទៀត។ អ៊ឹចឹង បានជាធ្វើឱ្យបាំង ពិបាកបញ្ជាចង្កូតរបស់គាត់មិនត្រូវ ជួនកាលមានឡានខ្លះមកពីឆ្វេង ស្ដាំ ដោយឡានហ្នឹងវាខ្ពស់ ម៉ូតូនោះទាប បត់ឆ្វេង បត់ស្ដាំ ពេលខ្លះអត់បានមើលឃើញទេ។ ដូច្នេះ ខ្ញុំសូមទទូចឱ្យអភិបាលរាជធានី-ខេត្ត បន្តរឹតបន្តឹងអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយទៅលើបញ្ហាទាំងអស់នេះ» ៕​ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sar Sokha

Share This Post: