ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះបង្រ្កាបទីតាំងល្បែងអនឡាញ ដែលសម្ងំលួចលាក់បើកលេងដោយខុសច្បាប់មួយកន្លែង នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

    BY Khmernote Media August 5, 2024
    សមត្ថកិច្ច ចុះបង្រ្កាបទីតាំងល្បែងអនឡាញ ដែលសម្ងំលួចលាក់បើកលេងដោយខុសច្បាប់មួយកន្លែង នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរឹតបន្ដឹងការបង្រ្កាបបទល្មើសល្បែងខុសច្បាប់នៅទូទាំងប្រទេស នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយបានកិច្ចចង្អុលការដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ កំលាំងបានចុះប្រតិបត្ដិការបង្រ្កាបទីតាំងលួចលាក់បើកឱ្យលេងល្បែងអនឡាញមួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ ទិត លីដា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

    សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖
    ១/-ប្រាក់រៀលចំនួន ២០ ម៉ឺនរៀល
    ២/-ម៉ូនីទ័រចំនួន ០២គ្រឿង ប្រភេទកុំព្យូទ័រលើតុ
    ៣/-ដុំ Wi-Fi ចំនួន០១គ្រឿង
    ៤/-keyboard ចំនួន០១
    ៥/-ម៉ៅសម្រាប់ចុច ចំនួន០១ និងឧបករណ៍តភ្ជាប់ឲ្យដំណើរការមួយចំនួនទៀត។

    ជាក់ស្ដែងនៅពេលសមត្ថកិច្ចចុះបង្រ្កាប អ្នកលេង និងអ្នកគ្រប់គ្រងទីតាំងល្បែងអនឡាញបានរត់គេចខ្លួនភ្លាមៗ ចំណែកម្ចាស់ផ្ទះដែលផ្ដល់ទីតាំងឈ្មោះ ទិត លីដា សមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពផ្ដល់ទីតាំងដាក់ល្បែងអនឡាញបន្តទៀត។

    វត្ថុតាងខាងលើ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្ដចាត់ការអ្នកពាក់ព័ន្ធផ្សេងទៀត ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: