ថាម៉េច!! ឈុតធំរបស់ក្រុម Ajax មានតំលៃត្រឹមពាក់កណ្តាលរបស់កីឡាករ Ronaldo ដែល Juventus ចំនាយទិញផង ប៉ុន្តែបានទម្លាក់ Juventus យ៉ាងងាយពី UCL
- April 18, 2019
នាពេលថ្មីៗនេះ ក្រុមសេះបង្កង់ Juventus បានធ្លាក់ចេញពីពានរង្វាន់ Uefa Chmapion League ក្រោមស្នាដៃក្រុមមកពីប្រទេសហូឡង់ Ajax កាលពីយប់ថ្ងៃអង្គារ៍នេះ។ ហើយនេះគឺជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែនសម្រាប់ក្រុមកំពូលតារាងនៅក្នុងលីគ Serie A ប្រទេសអុីតាលីមួយនេះ ជាពិសេសក្លឹបមួយនេះទើបនឹងទិញបានកីឡាករម្ចាស់ពាន Ballon d’Or ៥ដង Christiano Ronaldo និងបានចំនាយលុយ ១០០លានអឺរ៉ូដើម្បីនាំកីឡាកររូបនេះ។ នៅក្នុងរដូវកាលនេះ យើងឃើញថាក្រុមមកពីប្រទេសហូឡង់មួយនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អ បើទោះបីជាកីឡាករមកពីក្លឹបមួយនេះមិនសូវមានតារាបាល់ទាត់ល្បីក៏ដោយ។ មិនតែប៉ុណ្ណោះ Ajax បានទំលាក់ក្លឹបយក្សមកពីអេស្ប៉ាញ Real Madrid នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយបានឡើងមកវគ្គបន្ត និងបានធ្វើអោយក្តីរំពឹងរបស់អ្នករាល់គ្នាសម្រាប់ Ronaldo បានរលាយសូន្យ បន្ទាប់ពី Ajax ឈ្នះ Juventus ក្នុងលទ្ធផល ២ទល់នឹង១នៅក្នុងជើងទី២វគ្គ៨ក្រុមកាលពីយប់ថ្ងៃអង្គារ៍នេះ។
បន្ទាប់ពីក្រុម Juventus ធា្លក់ពីពាន Uefa Champion League មកក៏មានការប្រៀបធៀបពីកីឡាករក្រុម Ajax និងក្រុម Juventus ដោយក្រុមយក្សមកពីអុីតាលីបានចំណាយលុយរាប់លានលើការទិញលក់កីឡាករនៅក្នុងរដូវកាលនេះ ជាពិសេសសម្រាប់កីឡាករ Ronaldo។ ជាមួយគ្នានេះដែរ ក្លឹប Ajax មិនសូវមានកីឡាករល្បីៗនោះទេ មានតែកីឡាករក្មេងៗយកមកលេងតែប៉ុណ្ណោះ ហើយគេបានប្រៀបធៀពីការចំណាយរបស់ក្លឹបទាំងពីរនៅពេលដែលបានជួបគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ ដោយគេឃើញថាឈុតធំរបស់ក្លឹបAjaxមានតំលៃត្រឹមតែ ៥០លានអឺរ៉ូ ខណៈដែលក្លឹប Juventus គ្រាន់តែកីឡាករមួយរូប Christiano Ronaldo មានតំលៃ១០០លានអឺរ៉ូបាត់ទៅហើយ។ នៅក្នុងចំណុចនេះដែរ គេចង់និយាយថាលុយមិនអាចទិញអ្វីៗទាំងអស់នោះទេ ហើយមិនប្រាកដថាមានកីឡាករល្អច្រើនក្នុងក្រុមអាចយកឈ្នះឬមើលងាយដៃគូរប្រកួតបានឡើយ៕

អត្ថបទ៖ សុគុណា
ប្រភព៖ GivemeSports
- Share This Post:








