សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យគ្រប់គ្រងឲ្យបានការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើបានមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាឲ្យគ្រប់គ្រងឲ្យបាន នូវការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើប្រាស់លេខឡាន ខ.ម គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។ ការបញ្ជាបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញក្រសួងការពារជាតិ, អគ្គសម្ភារបច្ចេកទេស ក៏បានចេញគោលការណ៍ណែនាំ រឿងឡាន ខ.ម ថ្ងៃមុនឯកឧត្តម ស សុខា ក៏បានចេញណែនាំរឿងផ្លាកលេខ ន.ប សូមគ្រប់គ្រងឲ្យបាន ទាំងការចេញលេខឲ្យ ទាំងការប្រើប្រាស់ […] ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើ អ៉ីចឹងអ្នកផ្សេងជិះលេខខ្មៅទៅ អត់អីទេ គ្មានពីណាមកធ្វើឃាតទេ បើសិនជាមានហានិភ័យលេខឡានក៏ជួយមិនរួចដែរ តែផ្ទុយទៅវិញវាធ្វើឱ្យច្របូលច្របល់។ អ្នកបើកមិនពិតប្រាកដជួនកាលបើកសាហាវជាងអ្នកពិតប្រាកដ អ៉ីចឹងដល់អ្នកពិតប្រាកដទៅខូចឈ្មោះ នេះគឺជាបញ្ហា គឺសូមយកចិត្តទុកដាក់ទៅលើការងារនេះ ការគ្រប់គ្រងអាវុធគ្រាប់ នៅតាមបណ្ដាអង្គភាព ត្រូវយកចិត្តទុកដាក់ពង្រឹង ឃ្លាំងអាវុធគ្រាប់ សន្តិសុខ រៀបចំឱ្យបានល្អ នេះគឺជាកិច្ចការសំខាន់ »៕



អត្ថបទ៖ លីនី