ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលកៀរគរប្រជាពលរដ្ឋចុះឈ្មោះដើម្បីចាប់យកដី ដើម្បីឱ្យមកទទួលទោសតាមច្បាប់

    BY Liny Chan October 24, 2024
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលកៀរគរប្រជាពលរដ្ឋចុះឈ្មោះដើម្បីចាប់យកដី ដើម្បីឱ្យមកទទួលទោសតាមច្បាប់

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើការស្រាវជ្រាវរកមេខ្យល់ដែលកៀរគរប្រជាពលរដ្ឋឱ្យចុះឈ្មោះដើម្បីចាប់យកដីដែលខុសពីយន្តការរបស់រាជដ្ឋាភិបាលមកទទួលទោសតាមច្បាប់។ ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរមើលមេខ្យល់ ដែល ដើរកៀរគរប្រជាពលរដ្ឋមកចាប់ដីនេះដើម្បីអនុវត្តន៍តាមច្បាប់ ព្រោះថាគាត់បានដើរបោកប្រជាពលរដ្ឋ។ មេខ្យល់នេះខុសពីខ្យល់ដែលកំពុងធ្លាក់នេះគឺត្រជាក់ ឯមេខ្យល់នោះគឺជាខ្យល់ក្តៅ ដោយដើរបោកប្រជាពលរដ្ឋ ហើយមានរឿងទៀត និងដោយសារនៅពេលប្រជាពលរដ្ឋទៅកាប់ដី ឬព្រៃនៅកន្លែណាមួយនឹងមានរឿងទៀត»។

    «មេខ្យល់ ឥឡូវ.. ខ្ញុំបានប្រកាសរឿងដីសម្បទានសង្គមកិច្ចដែលយើងបន្ត ហើយក្រុមការងារបានកំពុងរៀបចំចែកប្រជាពលរដ្ឋដែលនឹងចាប់ផ្តើមពីឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុក ល្ងាចមិញមានមេខ្យល់ទៅបំផុសប្រជាពលរដ្ឋ ដើម្បី(មិនដឹងថាបង់លុយឬយ៉ាងណា) ចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់គឺអត់មាននោះទេ។ អត់មានមេខ្យល់ណាទៅឱ្យបំផុសដើម្បីទៅយកដី សម្បទាននោះទេ បើចុះឈ្មោះតាមយន្តការរដ្ឋ តាមអាជ្ញាធរឃុំ ហើយយើងមានការប្រកាសផ្សាយច្បាស់លាស់។ អីចឹងសូមឱ្យបងប្អូនកុំជឿលើមេខ្យល់ដែលកំពុងបំផុសដើម្បីយកលុយថាដើម្បីយកដីនេះ គឺអត់មាននោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

    ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្ដីបានប្រកាសជាលើកចុងក្រោយ ហើយក៏សូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋបានដឹង និងធ្វើការទប់ស្កាត់ព្រោះថាគ្រាន់តែសម្តេច ប្រកាសបង្កើតមូលនិធិធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមព្រំដែន ដោយឱ្យប្រជាពលរដ្ឋចូលតាម QR ក៏មានអ្នកទៅលួចបង្កើត ABA ឱ្យប្រជាពលរដ្ឋបង់ថ្លៃ ដូច្នេះ ទាល់តែប្រាប់ បើមិនដូច្នេះប្រជាពលរដ្ឋចាញ់បោកជាមិនខាន ព្រោះថាសម័យឥឡូវមានភាពជឿនលឿន។

    សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមប្រាប់ថាបើខ្យល់នេះល្ហើយមានផាសុកភាព តែមេខ្យល់ចាប់ដីនេះគឺអត់ទេ។ គឺកុំធ្វើ ហើយធ្វើត្រូវតែប្រឈមនឹងការអនុវត្តច្បាប់ ហើយប្រជាប្រជាពលរដ្ឋសូមកុំចាញ់បោកឱ្យសោះ ខ្ញុំប្រកាស។ ជាក់ស្តែងនៅស្រុកពេជ្រា្ជដា មានករណីមេខ្យល់នេះ អីចឹងសូមអាជ្ញាធរខេត្ត និងសមត្ថកិច្ច ធ្វើការឆែកមើលឱ្យច្បាស់ ព្រោះខ្ញុំឃើញមានការផ្សព្វផ្សាយ ដោយមានគេបាញ់ឱ្យមកខ្ញុំ។ ឥឡូវសូមឱ្យច្បាស់ណា ដល់ពេលយើងរៀបចំយន្តការជូនប្រជាពលរដ្ឋអត់មានដី»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: