ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំខេត្តទេសចរណ៍ត្រូវបង្កើតក្រុមការងារដោះស្រាយកង្វល់សំរាប់អ្នកទេសចរ ហើយកុំឱ្យរឿងបាយឆាកើតមានឡើងនៅក្នុងខេត្តកែបទៀត

    BY Liny Chan November 11, 2024
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំខេត្តទេសចរណ៍ត្រូវបង្កើតក្រុមការងារដោះស្រាយកង្វល់សំរាប់អ្នកទេសចរ ហើយកុំឱ្យរឿងបាយឆាកើតមានឡើងនៅក្នុងខេត្តកែបទៀត

    នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប។

    នៅក្នុងឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំខេត្តទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « សេវាកម្ម គឺជាកត្តាគន្លឹះមួយសំខាន់ យើងទាញផលិតផលហើយ ផលិតផលមួយៗត្រូវមានការផ្ដល់សេវាកម្មល្អ សេវាកម្មគាប់ចិត្ត រឿងនេះគឺជារឿងមួយ តែចន្លោះប្រហោងតែមួយ ធ្វើឱ្យលុប ដូចគេថា គុណធំប៉ិនសំពៅ ទោសមួយចូលទៅរលាយបាត់អស់ ខេត្តកែបមានសក្ដានុពលធំណាស់ តែគ្របតែរឿងបាយឆាមួយចាន អាចលុបកែបបាន ។ សេវាល្អណាស់ គ្រប់កន្លែងទាំងអស់ រឿងតែបាយឆាមួយតាមហ្វេសប៊ុក អាចធ្វើឱ្យគេមើលឃើញតែរឿងបាយឆាតំណាងឱ្យកែប។ អ្វីដែលខ្ញុំចង់និយាយកុំមើលរំលងរឿងតូចៗ អាតូចនេះហើយ ដែលធ្វើឱ្យអាធំស្ទះ រឿងសេវាតែបាយឆាមួយចាន អាចធ្វើឱ្យកែប ពេលបុណ្យទានកន្លងទៅនេះ គេទៅកន្លែងផ្សេង អត់មកខេត្តដោយសារគេគិតថា ទៅកែបគេកាប់តម្លៃ តាមពិតមិនមែនទេ ជួនកាលវាអាចជារឿងយល់ច្រលំលើគ្នាណាមួយ ត្រូវចាត់ការ ខេត្តត្រូវគិតគូរដោះស្រាយ ដាក់វិធានការ ប្រតិកម្មរហ័សភ្លាមរឿងបែបនេះ ត្រូវបំភ្លឺភ្លាមៗ​តែទុកយូរគេកាន់តែជឿ។ តែរឿងនេះវាកើតដោយសារការយល់ច្រលំ វាអាចកើតដោយសាររឿងពិត ហើយវាអាចកើតពីរឿងមួយចំនួនតូចតែគេអ្នកធ្វើ តែវាធ្វើឱ្យជះ ឥទ្ធិពលយល់ច្រលំ អ៉ីចឹងការធានាសេវាកម្មល្អ សេវាកម្មល្អមិនមែនត្រឹមតែដាក់នៅសេវា ឬ មួយផលិតផលទេ តែធំបំផុតគឺការឆ្លើយតបទៅនឹងកង្វល់ ឬមួយបញ្ហាផ្សេងៗ។ ហើយខេត្តទេសចរណ៍ ត្រូវតែដាក់ក្រុមប្រតិកម្មរហ័ស ដោះស្រាយរឿងកង្វល់របស់ភ្ញៀវទេសចរ ដោះស្រាយរឿងវិស័យនេះ នេះហើយគឺការផ្ដល់សេវាកម្ម មិនមែនលក់តែផលិតផលទេ បើមានរឿងអី ត្រូវតែដោះស្រាយ កង្វល់ឱ្យលឿន កុំចាំទាល់តែរឿងហ្នឹង វាចប់ហើយ វាកើត ៣ ទៅ ៥ ថ្ងៃហើយ បានយើងទៅដោះស្រាយបញ្ហា គឺមានភ្លាមពន្លត់វាភ្លាម ពន្យល់ភ្លាម ដាក់ចេញមកដើម្បីជួយគ្នា នេះគឺជាការធានាសេវាកម្ម ដែលជាខេត្តទេសចរណ៍ ហើយកុំឱ្យរឿងបាយឆាមួយចានកើតមានឡើងទៀតនៅខេត្តកែប។ រឿងពិតមិនពិតកម្រិតណា ខ្ញុំមិនដឹងទេ តែរឿងនេះវាបានធ្វើឱ្យខូចរូបភាពមួយផ្នែក ដែលជាខេត្តទេសចរណ៍រួចទៅហើយ »។

    អត្ថបទ៖ លីនី

    Share This Post: