ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស ៣000នាក់ នឹង“ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នៅ​រមណីយ​ដ្ឋានអង្គរ ថ្ងៃស្អែកនេះ

    BY Liny Chan November 23, 2024
    មនុស្ស ៣000នាក់ នឹង“ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នៅ​រមណីយ​ដ្ឋានអង្គរ ថ្ងៃស្អែកនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន​ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីកម្ពុជា នឹងរៀបចំព្រឹត្តិ​ការណ៍​ពិសេសៗមួយចំនួនក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភព​លោកមួយដែលគ្មានមីន – March For A Mine-Free World” នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ ដោយចេញ​ដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលាន​ជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត។

    តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈ​សំខាន់​មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បី​បញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណ ៣ ០០០ នាក់ រួមមាន គណៈ​ប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញ​ពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថាន​ទូតប្រចាំ​កម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករ​សកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធ​ក្នុងខេត្ត។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ក្នុងសន្និសីទកាសែត​កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា “ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញ​នូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការ​ក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីន​ប្រឆាំងមនុស្ស។ យើងគ្មានអ្វីដែលត្រូវមានមោទនភាពចំពោះការចូលរួមរាប់រយពាន់​នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួននោះទេ ខណៈពេលដែលប្រជាជន​រាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាន​នាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុង​ទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធ​បាន​បញ្ចប់​ទៅជា​ច្រើនទសវត្សរ៍ក៏ដោយ។

    តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តម លី ធុជ បាន​អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោល​ការណ៍​នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស។”

    កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ។អ្វីដែលជាមោទកភាព កម្ពុជាបានក្លាយជាប្រទេសទី១ក្នុង

    តំបន់​អាស៊ី និងជាប្រទេសទី៥លើពិភពលោក ដែលធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាហាមប្រាម​ការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)។ នេះដោយសារភាពគំរូរបស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: