ចិនសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន ១៣ ជុំវិញករណីលក់អាវុធឱ្យទៅកោះតៃវ៉ាន់តម្លៃជាង ៣៨០លានដុល្លារ
- BY
- Pheakdey
- December 5, 2024
ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មទៅកាន់ក្រុមហ៊ុនលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកចំនួន ១៣ ជុំវិញករណីលក់អាវុធឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន South China Morning Post នៅក្នុងរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះលក់លក់គ្រឿងបន្លាស់និងសេវាកម្មថែទាំយន្តហោះចម្បាំង F-16 និងរ៉ាដាជាច្រើនប្រភេទ ដែលមានតម្លៃសរុបរហូតដល់ ៣៨៥លានដុល្លារឱ្យទៅកោះតៃវ៉ាន់។

ក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីត្រូវទទួលទណ្ឌកម្មរបស់អាជ្ញាធរចិននោះរួមមាន ក្រុមហ៊ុន Teledyne Brown Engineering Inc, ក្រុមហ៊ុន Brinc Drones Inc, ក្រុមហ៊ុន Shield AI Inc, ក្រុមហ៊ុន Rapid Flight LLC, ក្រុមហ៊ុន Red Six Solutions, ក្រុមហ៊ុន Synexxus Inc, ក្រុមហ៊ុន Firestorm Labs Inc, ក្រុមហ៊ុន Kratos Unmanned ក្រុមហ៊ុន Aerial Systems Inc, ក្រុមហ៊ុន HavocAI, Neros Technologies, ក្រុមហ៊ុន Cyberlux Corporation, ក្រុមហ៊ុន Domo Tactical Communications និងក្រុមហ៊ុន Group W។ ចំពោះទណ្ឌកម្មដែលអាជ្ញាធរចិននឹងអនុវត្តទៅកាន់ក្រុមហ៊ុនទាំងនេះគឺមានទម្រងផ្សេងៗគ្នាផ្អែកទៅតាមទំហំគ្រឿងសព្វាវុធដែលក្រុមហ៊ុននីមួយៗបានលក់ទៅឱ្យតៃវ៉ាន់ ខណៈការអនុវត្តទណ្ឌកម្មជាក់ស្តែងមានរាប់ចាប់តាំងពី ការបង្កកទ្រព្យសម្បតិ្តរបស់អគ្គនាយកក្រុមហ៊ុន ហាមឃាត់បុគ្គលពាក់ព័ន្ធមួយចំនួនមិនឱ្យធ្វើដំណើរចូលមកក្នុងប្រទេសចិន និងហាមមិនឱ្យក្រុមហ៊ុនលក់ផលិតផលផ្សេងៗរបស់ពួកគេក្នុងប្រទេសចិនជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






