សហរដ្ឋអាមេរិក សម្រេចដាក់ក្រុមហ៊ុនធំៗរបស់ចិនចំនួន២ ក្នុងបញ្ជីខ្មៅ
- BY
- Pheakdey
- December 11, 2024
អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចដាក់បញ្ចូលក្រុមហ៊ុនធំៗចំនួន ២ របស់ចិននៅក្នុងបញ្ជីខ្មៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី១១។ សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នៅពេលនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុនទាំងនោះបានធ្វើសកម្មភាពមួយចំនួនជាប់ទាក់ទងនឹងការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនទាំង ២នោះរួមមាន៖ ទី១ គឺក្រុមហ៊ុនបច្ចេកវិទ្យា Zhejiang Uniview Technologies Co. ដែលត្រូវបានអាមេរិករកឃើញថា ក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពធ្វើទុក្ខបុកម្នេញលើពលរដ្ឋ Uygurs និងពលរដ្ឋជនជាតិភាគតិចមួយចំនួនទៀតនៅតំបន់ភាគពាយព្យនៃប្រទេសចិន។ សម្រាប់ក្រុមហ៊ុនទី ២វិញគឺក្រុមហ៊ុន Beijing Zhongdun Security Technology Group Co. ដែលត្រូវបានអាមេរិករកឃើញថា ក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពរំលោភបំពានសិទ្ធរបស់ពលរដ្ឋទូទៅយ៉ាងធ្ងន់ធ្ងរ និងជាពិសេសនេះគឺរឹតបន្តឹងលើសេរីភាពសាសនា។ តាមរយៈការដាក់ទណ្ឌកម្មនេះអាមេរិកអាចនឹងហាមឃាត់មិនឱ្យក្រុមហ៊ុនរបស់ចិនទាំង ២នេះ លក់ផលិតផលរបស់ពួកគេនៅលើទឹកដីអាមេរិក និងហាមឃាត់បុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុនមិនឱ្យធ្វើដំណើរទៅកាន់អាមេរិកជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






