លោក Stephen Hawking ព្រមានថា មនុស្សលោកទាំងអស់ត្រូវចាកចេញពីភពផែនដីទៅរស់នៅភពផ្សេង ទើបមិនជួបបញ្ហាទាំងអស់នេះទៅថ្ងៃមុខ
អ្នកប្រាជ្ញផ្នែករូបវិទ្យាដ៏ល្បីរបស់អង់គ្លេសគឺលោក Stephen Hawking ដែលទើបនឹងបានស្លាប់បាត់បង់ជីវិតក្នុងអាយុ៧៦ឆ្នាំ កាលពីពេលថ្មីៗនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជាតិរួមមាន ការនិពន្ធសៀវភៅ រកឃើញទ្រឹស្តីថ្មីៗក្នុងផ្នែកវិទ្យាសាស្រ្ត និងទស្សនៈមួយចំនួនអំពីអនាគតរបស់ពិភពលោក និងមនុស្សជាតិទាំងមូល។
តាមការវិភាគរបស់រូបវិទូម្នាក់នេះបានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល២០០ឆ្នាំនៅមុខទៀត មនុស្សជាតិទាំងអស់នៅលើភពផែនដីនេះគឺងាយនឹងរងនូវគ្រោះថ្នាក់ និងងាយរងនូវការបំផ្លាញខ្លាំងណាស់។ គាត់បានបញ្ជាក់ថា បញ្ហាដែលអាចបំផ្លាញមនុស្សជាតិ និងភពផែនដីរួមមាន ការធ្លាក់អាចម៍ផ្កាយធំមកលើភពផែនដី អាកាសធាតុប្រែប្រួលទៅជាត្រជាក់ខ្លាំង ឬក្តៅខ្លាំង ចំនួនប្រជាជនកើនឡើងខ្លាំង និងបញ្ហាជាមួយ IA (Artificial intelligence) ជាដើម។
ជាងនេះទៅទៀតលោកបានមើលឃើញដែរថា ក្នុងពេលអនាគតមនុស្សនឹងត្រូវប្រឈមមុខជាមួយក្រុមមនុស្សក្រៅភព និងការឈ្លានពានពីសំណាក់មនុស្សជាតិផ្សេងៗផងដែរ។ លោកបានបន្ថែមដែរថា ប្រសិនបើអ្នកជំនាន់ក្រោយចង់ជៀសផុតពីបញ្ហានេះទាំងនេះ ទាល់តែពួកគេនាំគ្នាទៅរស់នៅក្នុងអវកាស៕
ភក្តី
ប្រភព៖ dailymail


