អន្តរជាតិ

Amazon សម្រេចឱ្យបុគ្គលិករាប់ពាន់បន្តធ្វើការតាម Online ដោយសារក្រុមហ៊ុនគ្មានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំការិយាល័យឱ្យពួកគេ

BY
Pheakdey
December 20, 2024

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានប្រកាសពន្យាពេលនៃការវិលត្រលប់ចូលមកធ្វើការងារនៅក្នុងការិយាល័យវិញរបស់បុគ្គលិករាប់ពាន់នាក់ព្រោះតែខ្វះកន្លែងអង្គុយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ តាមគម្រោងគឺក្រុមបុគ្គលិកទាំងអស់នេះនឹងត្រូវចូលទៅធ្វើការងារនៅក្នុងការិយាល័យជាធម្មតាវិញគឺដើមខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

យ៉ាងណាក្តី ដោយសារតែស្ថានភាពនៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះមានលក្ខណៈតូចចង្អៀត និងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំជាការិយាល័យនោះ ខាងក្រុមហ៊ុនបានសម្រេចឱ្យបុគ្គលិករាប់ពាន់នាក់ត្រូវបន្តធ្វើការងារតាមប្រព័ន្ធ Online រហូតដល់ខែមីនា ឬអាចបន្តដល់ខែមេសា ឆ្នាំ២០២៥ ទម្រាំតែក្រុមហ៊ុនអាចរកកន្លែងរៀបចំការិយាល័យឱ្យពួកគេមកអង្គុយធ្វើការបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon មានបុគ្គលិកសរុបនៅទូទាំងពិភពលោកប្រមាណជា ៣៥០,០០០នាក់ ខណៈវិធានការពន្យាពេលខាងលើនេះនឹងត្រូវអនុវត្តចំពោះការិយាល័យនៅក្នុងទីក្រុង Midtown Manhattan សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: