អន្តរជាតិ

ប្រទេសអាល់បានី ប្រកាសពីគម្រោងបិទបណ្តាញសង្គម TikTok ចោលទាំងស្រុង ដើម្បីរក្សាគុណភាពនិងសុវត្ថិភាពនៅតាមសាលារៀន

BY
Pheakdey
December 22, 2024

អាល់បានី៖ នាយករដ្ឋមន្ត្រីនៃប្រទេសអាល់បានីគឺលោក Edi Rama បានប្រកាសអំពីគម្រោងបិទចោលនូវកម្ម TikTok ដោយប្រើពេលយ៉ាងយូរមួយឆ្នាំទៀតគិតចាប់ពីឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែធ្នូ។ ការថ្លែងអំពីគម្រោងបិទបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោកនាយករដ្ឋមន្ត្រីវ័យ ៦០ឆ្នាំរូបនេបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុង​ Tirana ដែលមានការចូលរួមពីសំណាក់ក្រុមគ្រូបង្រៀន អ្នកជំនាញផ្នែកចិត្តសាស្រ្ត និងក្រុមអាណាព្យាបាលរបស់ក្មេងៗសិស្សសាលាជាច្រើននាក់ផងដែរ។

លោក Edi Rama

លោកនាយករដ្ឋមន្ត្រី Edi Rama បានបញ្ជាក់អំពីហេតុផលដែលជម្រុញឱ្យមានការបិទកម្មវិធី TikTok មិនឱ្យមានការប្រើប្រាស់នៅលើទឹកដីនៃប្រទេសអាល់បានីថា គឺដើម្បីរក្សាគុណភាពនៃការសិក្សានៅតាមប្រព័ន្ធអប់រំទូទាំងប្រទេស ជាពិសេសនោះគឺរក្សាសុវត្ថិភាពនៅតាមសាលារៀនចំពោះក្រុមសិស្សានុសិស្សវ័យក្មេងតែម្តង ដែលនាពេលកន្លងមកក្រុមអ្នកជំនាញបានរកឃើញថា​ មានពលរដ្ឋវ័យក្មេងជាច្រើនបានវក់នឹងការលេង TikTok រហូតភ្លេចផ្តោតអារម្មណ៍លើការសិក្សា ខណៈពលរដ្ឋមួយចំនួនថែមទាំងបានកើតមានបញ្ហាផ្លូវចិត្តទៀតផងបន្ទាប់ពីបានចំណាយពេលយ៉ាងច្រើនជាមួយ TikTok។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអាល់បានីបានកើតមានករណីឃាតកម្មដ៏កម្រមួយ ដែលបានបណ្តាលឱ្យក្មេងសិស្សសាលាវ័យ ១៤ឆ្នាំម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ខណៈជនបង្កហេតុដែលជាក្មេងសិស្សសាលាដូចគ្នានោះត្រូវបានគេរកឃើញថា ជាក្មេងដែលញៀននឹងការលេងហ្គេមបែបបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយរូបគេក៏តែងតែមើលវីដេអូក្នុងទម្រង់ហឹង្សាបែបនេះនៅលើបណ្តាញសង្គម TikTok ជាប្រចាំផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: