អន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមទាមទារយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ បើអាជ្ញាធរប៉ាណាម៉ាគ្មានសមត្ថភាពគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះឱ្យបានត្រឹមត្រូវ

BY
Pheakdey
December 22, 2024

អាមេរិក៖ លោក ដូណាល់ ត្រាំ បានប្រកាសថា​ លោកអាចនឹងទាមទារយកព្រែកជីកប៉ាណាម៉ាឱ្យអាមេរិកគ្រប់គ្រងវិញ ប្រសិនបើប្រទេសប៉ាណាម៉ាមិនមានសមត្ថភាពអាចគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះឱ្យបានត្រឹមត្រូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២​ ខែធ្នូ។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ ក៏បានរិះគន់ចំៗផងដែរថា នាពេលបច្ចុប្បន្ននេះសេវាបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលនាវាយោធានិងនាវាដឹកជញ្ជូនទំនិញអាមេរិកត្រូវបង់ឱ្យទៅអាជ្ញាធរប៉ាណាម៉ានោះ​មានតម្លៃខ្ពស់ណាស់ ពោលគឺជាអត្រាមួយដែលលើសពីកម្រិតអាចទទួលយកបាន។

លោក ដូ ណាល់ ត្រាំ ដែលគ្រោងនឹងចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកជាផ្លូវការនៅដើមឆ្នាំ២០២៥ខាងមុខនេះបានបញ្ជាក់បន្ថែមថា វិស័យពាណិជ្ជកម្មចិនក៏កំពុងតែជះឥទ្ធិពលទៅលើព្រែកជីកប៉ាណាម៉ាដែរ ដូចនេះអាជ្ញាធរប៉ាណាម៉ាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពោលគឺត្រូវធ្វើឱ្យប្រាកដថា ព្រែកជីកប៉ាណាម៉ាស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយតម្លាភាពពីសំណាក់អាជ្ញាធរនៃប្រទេសប៉ាណាម៉ា តែមិនមែនជារបស់ចិននោះទេ។ ភ្លាមៗក្រោយការប្រកាសជាសាធារណៈរបស់លោក ដូណាល់ ត្រាំ ស្ថានទូតនៃប្រទេសប៉ាណាម៉ាប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមិនបានធ្វើការឆ្លើយតបអ្វីឡើយ ខណៈពលរដ្ឋមួយចំនួនបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា តើលោក ដូណាល់ ត្រាំ អាចទៅទាមទារយកព្រែកជីកប៉ាណាម៉ាដោយរបៀបណា បើព្រែកជីកមួយនេះកំពុងស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសឯករាជ្យមួយទៅហើយនោះ។

សូមរម្លឹកជូនថា ប្រទេសប៉ាណាម៉ា គឺជាដែនដីមួយស្ថិតភាគខាងត្បូងសហរដ្ឋអាមេរិក ហើយកាលពីអំឡុងឆ្នាំ​ ១៩០៣ ដលឆ្នាំ១៩៧៧ សហរដ្ឋអាមេរិកក៏ធ្លាប់គ្រប់គ្រងដែនដីមួយនេះផងដែរ ខណៈនៅក្នុងឆ្នាំ ១៩៧៧ អតីតប្រធានាធិបតីអាមេរិកគឺលោក Jimmy Carter បានចុះហត្ថលេខាប្រគល់អ្វីៗគ្រប់យ៉ាងឱ្យទៅប្រទេសប៉ាណាម៉ាជាអ្នកគ្រប់គ្រងវិញ។ នាពេលបច្ចុប្បន្ននេះ ព្រែកជីកប៉ាណាម៉ាគឺជាផ្លូវទឹកដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនធំៗមួយចំនួននៅលើពិភពលោកក្នុងការដឹកជញ្ជូនទំនិញ ហើយនាវាយោធាមួយចំនួនក៏ត្រូវបើកឆ្លងកាត់ផ្លូទឹកមួយនេះផងដែរ ដោយនាវាទាំងអស់នោះត្រូវបង់ថ្លៃក្នុងកម្រិតផ្សេងៗគ្នាអាស្រ័យលើទំហំនាវាជាក់ស្តែង។ រ​បាយការណ៍មួយបានបង្ហាញថា កាលពីឆ្នាំកន្លងទៅនេះ ជ្រែកជីកប៉ាណាម៉ាអាចរកប្រាក់ចំណូលបានរហូតដល់ ៥ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: