អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Honda និង Nissan សម្រេចសហការគ្នាជាក្រុមហ៊ុនតែមួយ

BY
Pheakdey
December 24, 2024

ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ២ គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan បានសម្រេចសហការគ្នាជាក្រុមហ៊ុនតែមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Soya Cincau។ ការច្របាច់បញ្ចូលគ្នានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនី (EV) ជាមួយក្រុមហ៊ុនធំៗមួយចំនួនទៀតនៅលើពិភពលោក ដូចជាក្រុមហ៊ុន Toyota ក្រុមហ៊ុន Tesla និងក្រុមហ៊ុន BYD ជាដើម។

ទន្ទឹមគ្នានេះក្រុមហ៊ុនផលិតរថយន្តមួយផ្សេងទៀត គឺក្រុមហ៊ុន Mitsubishi ក៏កំពុងពិចារណាក្នុងការចូលរួមជាមួយក្រុមហ៊ុនទាំង ២ ខាងលើនេះផងដែរ ខណៈក្រុមហ៊ុន Mitsubishi នឹងធ្វើការសម្រេចចិត្តចុងក្រោយនៅចុងខែមករា ឆ្នាំ២០២៥។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺកិច្ចព្រមព្រៀងផ្លូវការស្តីពីផែនការរកស៊ីចូលហ៊ុនគ្នារវាងក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan  នឹងត្រូវចុះហត្ថលេខានៅក្នុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ខណៈសមិទ្ធផលរថយន្តជាក់ស្តែងសម្រាប់ដាក់លក់នៅលើទីផ្សារនោះគឺអាចមាននៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៦។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតរថយន្តដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan នោះ នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Toyota ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Soya Cincau

Share This Post: