តារា Facebook ថៃម្នាក់បានបាត់បង់ជីវិត ក្រោយពីភ្នាល់ផឹកស្រាវីស្គីមួយដបធំជាថ្នូរនឹងលុយជិត៩០០ដុល្លារ
- BY
- Pheakdey
- December 27, 2024
ថៃ៖ ការទទួលផ្សព្វផ្សាយផលិតផលនៅលើបណ្តាញសង្គម បានក្លាយជារបៀបរកប្រាក់ចំណូលយ៉ាងមានសក្តានុពលមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ យ៉ាងណាក្តីក៏មានករណីអ្នកទទួលផ្សព្វផ្សាយមួយចំនួនបានរងគ្រោះថ្នាក់ពីផលិតផល ដែលពួកគេធ្វើការផ្សព្វផ្សាយនោះផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថាតារាប្រព័ន្ធផ្សព្វផ្សាយសង្គម Thanakarn ដែលមានអាជីពជាងអ្នកលក់ផ្កា និង ជាតារាប្រព័ន្ធផ្សព្វផ្សាយសង្គម បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ធ្នូ ២០២៤ កន្លងនេះ នៅក្នុងខេត្ត Chanthaburi ប្រទេសថៃ ក្រោយរូបគាត់បានផលិតវីដេអូ ដោយព្យាយាមផឹកស្រាមួយដបឱ្យអស់យ៉ាងឆាប់រហ័សបំផុត។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារផឹកស្រាយ៉ាងលឿនដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់គាត់នោះមានឈ្មោះថា Thanakarn Kanthee អាយុ ២១ឆ្នាំ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Thanakarn Kanthee បានភ្នាល់ផឹកស្រាវីស្គីមួយដបចំណុះ ៣៥០ មីល្លីលីត្រជាថ្នូរនឹងលុយ ៣ ម៉ឺនបាត។ នៅក្នុងវីដេអូដែលជនរងគ្រោះបានថតបង្ហាញអ្នកគាំទ្រនោះគឺគាត់បានផឹកស្រាមួយដបនោះយ៉ាងលឿន ហើយបន្ទាប់មកគាត់ក៏បានក្អួតចង្អោរដួលសន្លប់ ហើយត្រូវដឹកទៅមន្ទីរពេទ្យតែបានស្លាប់តាមផ្លូវមុនទៅដល់កន្លែងព្យាបាល៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






