ចិន ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន ៧ ក្រោយលោក ចូ បៃឌិន សម្រេចផ្តល់ជំនួយយោធាតម្លៃជាង ៥៧១លានដុល្លារទៅកាន់កោះតៃវ៉ាន់
- BY
- Pheakdey
- December 27, 2024
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន ៧របស់សហរដ្ឋអាមេរិក ក្រោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចផ្តល់ជំនួយយោធាយ៉ាងច្រើនឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែធ្នូ។ នៅក្នុងចំណោមក្រុមហ៊ុនទាំង ៧នោះ ក៏មានក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Hudson Technologies Co ផងដែរ។

ប្រភពខាងលើបានបន្តថា ទណ្ឌកម្មរបស់អាជ្ញាធរចិនទៅកាន់ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងអស់នេះនឹងត្រូវអនុវត្តក្នុងទម្រង់ដូចជា បង្កកព្រទ្យសម្បត្តិរបស់អគ្គនាយកនិងបុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុននីមួយៗ ហាមឃាត់បុគ្គលទាំងនេះមិនឱ្យធ្វើដំណើរមកកាន់ប្រទេសចិន និងហាមក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីទទួលទណ្ឌកម្មនេះមិនឱ្យលក់ផលិតផលផ្សេងៗរបស់ពួកគេនៅលើទឹកដីចិនជាដើម។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានសម្រចផ្តល់ជំនួយយោធា ដែលមានតម្លៃ ៥៧១,៣លានដុល្លារបន្ថែមទៀតទៅកាន់កោះតៃវ៉ាន់ ដើម្បីទុកសម្រាប់ប្រើប្រាស់ទប់ទល់ទៅនឹងការគំរាមគំហែងរបស់យោធាចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






