អន្តរជាតិ

មនុស្ស ២៨នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង ដែលមានទិសដៅចេញពីថៃទៅកូរ៉េខាងត្បូង

BY
Pheakdey
December 29, 2024

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Muan International Airport បន្ទាប់ពីយន្តហោះ ដែលកំពុងព្យាយាមចុះចតមួយគ្រឿងបានរត់ខុសផ្លូវនិងបានជ្រុលទៅបុកជញ្ជាំងនៃអាកាសយានដ្ឋាន។

ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 737-800 ដែលមានជើងហោះហើរលេខ Jeju Air flight 7C2216 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៧៥នាក់ និងអមដោយក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានបញ្ជាក់ថា ជើងហោះហើរខាងលើនេះគឺជាជើងហោះហើរ ដែលទើបធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់បង្ហាញអំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: