អ្នកបម្រើការងារលើយន្តហោះរបស់ក្រុមហ៊ុន Swiss International Air Lines ម្នាក់បានបាត់បង់ជីវិត ក្រោយយន្តហោះព្យាយាមចុះចតជាបន្ទាន់ដោយសារមានភ្លើងឆេះម៉ាស៊ីន
- BY
- Pheakdey
- December 31, 2024
ស្វីស៖ អ្នកបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines ម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយយន្តហោះព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣១ ខែធ្នូ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់លើយន្តហោះខាងលើនេះបានកើតឡើងទាំងពីថ្ងៃទី ២៣ ខែធ្នូម្លេះ និងបានកើតឡើងចំពោះជើងហោះហើរចេញពីទីក្រុង Bucharest ប្រទេសរូម៉ានី ឆ្ពោះទៅកាន់ទីក្រុង Zurich នៃប្រទេសស្វីស។

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលធ្វើដំណើរ យន្តហោះដឹកអ្នកដំណើរដែលជាយន្តហោះប្រភេទ Airbus A220-300 ស្រាប់តែមានបញ្ហាភ្លើងឆេះនៅម៉ាស៊ីន និងបង្ខំឱ្យយន្តហោះត្រូវចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Graz នៃប្រទេសអូទ្រីស។ យ៉ាងណាក្តី ការចុះចតដោយជាបន្ទាន់នោះបានធ្វើឱ្យអ្នកបម្រើការងារនៅយន្តម្នាក់ក្នុងចំណោម ៦នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ក្រោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមក សុខភាពរបស់គាត់កាន់តែចុះខ្សោយខ្លាំង រហូតក្រុមគ្រូពេទ្យមិនអាចបន្តជួយសង្គ្រោះជីវិតរបស់គាត់បានទៀតនោះទេ ហើយការស្លាប់របស់កាត់ត្រូវបានប្រកាសដោយក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Graz ប្រទេសអូទ្រីស ក្នុងថ្ងៃទី៣១ ខែធ្នូនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






