អន្តរជាតិ

មនុស្ស១៥នាក់បានបាត់បង់ជីវិត,​៣៥នាក់រងរបួស ក្នុងហេតុការណ៍បុរសម្នាក់បើករថយន្តបុកហ្វូងមនុស្សទាំងកំរោលនៅអាមេរិកក្នុងពិធីអបអរបុណ្យចូលឆ្នាំសកល

BY
Pheakdey
January 2, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សពលរដ្ឋអាមេរិកចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានបុរសម្នាក់បើករថយន្តយ៉ាងលឿនបុកហ្វូងមនុស្សមួយក្រុម ដែលកំពុងអបអរពិធីបុណ្យចូលសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមករា។ ហេតុការណ៍អកុសសនេះបានកើតឡើងនៅក្នុងតំបន់ French Quarter នៃក្រុង New Orleans រដ្ឋ Louisiana ភាគខាងត្បូងសហរដ្ឋអាមេរិក។

ប្រភពខាងលើបានថា ក្រៅតែពីបានសម្លាប់មនុស្សអស់ ១៥នាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនបង្កហេតុបានប្រើប្រាស់រថយន្តប្រភេទ Pickup Truck សម្រាប់ធ្វើសកម្មភាព មានកាំភ្លើងជាប់ខ្លួន ហើយរូបគាត់ក៏ធ្លាប់ទទួលបានការហ្វឹកហាត់ជាយោធាផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ ការបាញ់តទល់គ្នារវាងក្រុមប៉ូលិសជាមួយនិងជនបង្កហេតុបានកើតឡើងមួយប្រាវ ខណៈជនបង្កហេតុបានស្លាប់បាត់បង់ជីវិតក្នុងការបាញ់ប្រហារគ្នានោះ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីគោលបំណង នៃការបើករថយន្តបុកសម្លាប់មនុស្សទាំងកំរោលនេះនៅឡើយទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: