អន្តរជាតិ

ភ្នាក់ងារទេសចរណ៍លំដាប់ពិភពលោក Agoda បានដាក់ពិន្ទុឱ្យទីក្រុងភ្នំពេញ ជាទិសដៅទេសចរណ៍មានតម្លៃល្អបំផុតក្នុងតំបន់អាស៊ាន សម្រាប់ការមកកម្សាន្តក្នុងពេលឆ្លងឆ្នាំសកល

BY
Pheakdey
January 3, 2025

គេហទំព័រ Agoda ដែលត្រូវបានគេស្គាល់ថា ជាភ្នាក់ងារផ្តល់ព័ត៌មានអំពីសេវាកម្មទេសរណ៍ដ៏ធំបំផុតមួយនៅលើពិភពលោក បានដាក់ពិន្ទុឱ្យទីក្រុងភ្នំពេញ ជាទិសដៅទេសចរណ៍មានតម្លៃល្អបំផុតសម្រាប់ការមកកម្សាន្តនៅក្នុងឱកាលនៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំ២០២៥ បើធៀបទៅនឹងទីក្រុងផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន។ តាមពីក្រោយទីក្រុងភ្នំពេញ គឺទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក៏ស្ថិតនៅក្នុងចំណាក់ថ្នាក់ល្អទាំង ៣ របស់ Agoda ផងដែរ។

យោងតាមការវាយតម្លៃរបស់របស់គេហទំព័រ Agoda ដដែលនេះបានបង្ហាញអំពីតម្លៃដោយគិតជាមធ្យមសម្រាប់ភ្ញៀវទេសចរណ៍ម្នាក់ ដែលត្រូវចំណាយដោយបូកបន្ថែមទាំងការស្នាក់នៅអំឡុងពេលមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនៅក្នុងទីក្រុងចំនួន ៣នេះដូចខាងក្រោម៖

១-ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយជាមធ្យម ៦៧ ដុល្លារ

២-ទីក្រុងហាណូយ ប្រទេសវៀតណាម ភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយជាមធ្យម ៧៩ ដុល្លារ

៣-ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយជាមធ្យម ៩២ ដុល្លារ

ប្រភពខាងលើក៏បានឱ្យដឹងផងដែរថា ទីក្រុងភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាបានទទួលភ្ញៀវទេសចរណ៍ប្រមាណជា ១,៥លាននាក់ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមកនេះ ដោយទីក្រុងភ្នំពេញបានរៀបពិធីបុណ្យប្រចាំឆ្នាំមួយនេះក្រោមប្រធានបទពិសេសមួយគឺ “សាទរកម្ពុជា”៕

រូបភាព KIMLONG MENG

អត្ថបទ៖ ភក្តី

ប្រភព៖ Agoda

 

Share This Post: