អន្តរជាតិ

អាជ្ញាធរវៀតណាមប្រកាសផ្តល់ប្រាក់រង្វាន់ជិត ២០០ដុល្លារ ចំពោះពលរដ្ឋណាដែលអាចរាយការណ៍អំពីករណីមានអ្នកបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍

BY
Pheakdey
January 8, 2025

វៀតណាម៖ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរវៀតណាមបានប្រកាសផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនទៅកាន់ប្រជាពលរដ្ឋរូបណា ដែលបានរាយការណ៍អំពីករណីមានអ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍នៅលើដងផ្លូវ ដូចជាការបើកបរក្នុងពេលមានភ្លើងក្រហម ឬប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរជាដើម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៨ ខែមករា បានបញ្ជាក់ថា ប្រាក់រង្វាន់ដែលអាជ្ញាធរវៀតណាមនឹងផ្តល់ជូននោះគឺមានចំនួន ៥លានដុង ឬស្មើនឹង ១៩៦ ដុល្លារ។

ប្រភពខាងលើបានបន្តថា ចំពោះវិធីសាស្រ្តក្នុងការរាយការណ៍អំពីករណីបទល្មើសចរាចរណ៍ខាងលើនេះគឺពលរដ្ឋត្រូវប្រើប្រាស់ទូរស័ព្ទឬកាមេរ៉ាផ្សេងៗដើម្បីថតឱ្យជាប់សកម្មភាពបទល្មើសទាំងនោះសម្រាប់ទុកជាភស្តុតាង ខណៈអាជ្ញាធរនឹងរក្សាការសម្ងាត់ចំពោះអ្នកដែលបានរាយការណ៍ផងដែរ ដើម្បីរក្សាសុវត្ថិភាពជូនពួកគេ។ សូមបញ្ជាក់ជូនថា នៅដើមឆ្នាំ ២០២៥ នេះអាជ្ញាធរវៀតណាមបានប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍យ៉ាងខ្លាំង ដោយអាជ្ញាធរបានសម្រេចដំឡើងថ្លៃផាកពិន័យចំពោះម៉ូតូដែលបានបើកពេលមានភ្លើងក្រហមរហូតដល់ ៦លានដុង (២៣៦ដុល្លារ) ខណៈរថយន្តដែលបើកបរពេលមានភ្លើងក្រហមត្រូវពិន័យរហូតដល់ ២០លានដុង (៧៨៧ដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: