Apple អះអាងថា ក្រុមហ៊ុនមិនដែលលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់តាមរយៈមុនងារ Siri នោះទេ ខណៈកាលពីសប្តាហ៍មុនក្រុមហ៊ុនទើបបង់ប្រាក់សងជំងឺចិត្ត ៩៥លានដុល្លារ ក្នុងសំណុំរឿងបំពានសិទ្ធិឯកជនអ្នកប្រើប្រាស់
- BY
- Pheakdey
- January 9, 2025
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនមិនដែលបានផ្តល់ទិន្នន័យដែលក្រុមហ៊ុនទទួលបានពីអ្នកប្រើប្រាស់តាមរយៈមុខងារ Siri ឱ្យទៅភាគីទី៣ ណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា។ ក្រុមហ៊ុន Apple បានអះអាងទៀតថា ក្រុមហ៊ុនក៏មិនដែលប្រមូលទិន្នន័យតាមរយៈមុខងារ Siri នោះទៅបង្កើតជាទម្រង់ទីផ្សារដើម្បីទទួលបានផលប្រយោជន៍ណាមួយដែរ។

គួរកត់សម្គាល់ថា ការចេញមកបញ្ជាក់ពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការគោរពសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ពីសំណាក់ក្រុមហ៊ុន Apple នៅពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីសប្តាហ៍មុននេះក្រុមហ៊ុន Apple បានចូលខ្លួនទៅដោះស្រាយបណ្តឹងធំមួយនៅតុលាការអាមេរិក ដែលបណ្តឹងនោះបានចោទប្រកាន់ថា ក្រុមហ៊ុន Apple បានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនបានសួរទៅមុខងារ Siri និងយកទិន្នន័យទាំងនោះលក់ទៅឱ្យក្រុមហ៊ុនទី៣ សម្រាប់ធ្វើការផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗឱ្យត្រូវទៅនឹងទំនោររបស់ក្រុមអ្នកប្រើប្រាស់។ ប្រភពខាងលើបានបន្តថា នៅក្នុងការដោះស្រាយពាក្យបណ្តឹងនោះក្រុមហ៊ុន Apple សុខចិត្តបង់ប្រាក់សងជំងឺចិត្តសរុបរហូតដល់ ៩៥លានដុល្លារទៅកាន់អតិថិជនរាប់លាននាក់ ដោយក្នុងនោះអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចម៉ាក Apple មួយគ្រឿង នឹងត្រូវទទួលបានប្រាក់សំណងប្រមាណជា ២០ដុល្លារ ខណៈក្រុមហ៊ុននៅតែបន្តរក្សាជំហរអះអាងថា ក្រុមហ៊ុនមិនបានបំពានសិទ្ធិឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






