ភ្ញៀវទេសចរចិនជាច្រើនសម្រេចលុបចោលគម្រោងទៅកម្សាន្តនៅថៃ ក្រោយមានករណីបាត់ខ្លួនតារាចិនម្នាក់ក្នុងអំឡុងពេលទៅថតភាពយន្តក្នុងប្រទេសថៃ
- BY
- Pheakdey
- January 10, 2025
ចិន៖ ភ្ញៀវទេសចរចិនជាច្រើននាក់បានសម្រេចលុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ក្រោយមានករណីចាប់ពង្រត់តារាសម្តែងជនជាតិចិនម្នាក់កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១០ ខែមករា។ តាមគម្រោងគឺក្រុមភ្ញៀវទេសចរចិនទាំងនេះនឹងធ្វើដំណើរទៅកម្សាន្តក្នុងប្រទេសថៃក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅចុងខែមករានេះ។

គួររម្លឹកជូនថា តារាសម្តែងជនចិនដែលបានបាត់ខ្លួនក្នុងពេលធ្វើដំណើរទៅថតភាពយន្តក្នុងប្រទេសថៃនោះគឺមានឈ្មោះថា Wang Xing និងនៅក្នុងការងារសិល្បៈគាត់បានប្រើឈ្មោះថា Xing Xing មានអាយុ៣១ឆ្នាំ បានបាត់ខ្លួនអស់រយៈពេល ៣ថ្ងៃដោយគ្មានដំណឹងអ្វីទាល់សោះ ខណៈការបាត់ខ្លួនយ៉ាងអាថ៌កំបាងនេះបានធ្វើឱ្យពលរដ្ឋចិនជាច្រើននាក់ផ្សេងទៀតមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំង ដ្បិតពួកគេយល់ថា ជនជាតិចិនគឺជាគោលដៅនៃការជំរិញឬចាប់ពង្រត់ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗ។ យ៉ាងណាក្តី កាលពីថ្ងៃទី ៧ ខែមករាកន្លងទៅ អាជ្ញាធរថៃក៏បានប្រកាសពីការរកឃើញលោក Xing Xing វិញ បន្ទាប់ពីរូបលោកត្រូវបានជនខិលខូចចាប់ខ្លួនយកទៅបង្ខំឱ្យធ្វើការងារជាអ្នកបោកប្រាស់តាមបណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






