អន្តរជាតិ

មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ១៤នាក់កំពុងបាត់ខ្លួន​ ក្នុងហេតុការណ៍ឆេះផ្សារទំនើបមួយកន្លែងក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី

BY
Pheakdey
January 17, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងចាកាតា​​ ប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា។ ផ្សារទំនើបដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Glodok Plaza ស្ថិតនៅក្នុងតំបន់ Taman Sari និងជាសំណង់អគារ ដែលមានកម្ពស់ ៨ជាន់។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងបន្ថែមថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនត្រូវរងរបួសដែរ ខណៈគិតត្រឹមពេលនេះនៅមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា អគ្គីភ័យបានផ្តើមកើតចេញពីជាន់ទី ៧​ តែគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានភ្លើងត្រូវឆាបឆេះយ៉ាងសន្ធោសន្ធៅដូចនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: