អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia ត្រូវខាតបង់ប្រាក់ជិត ៦០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ ដោយក្រុមហ៊ុនចិន DeepSeek

BY
Pheakdey
January 28, 2025

អាមេរិក៖ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់សហរដ្ឋអាមេរិកបានខាតបង់ប្រាក់អស់ ៥៨៩ពាន់លានដុល្លារក្នុងរយៈពេលយ៉ាងឆាប់រហ័ស ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានបញ្ចេញនូវផលិតផលថ្មី ដែលមានតម្លៃទាបនិងអាចប្រើជំនួសផលិតផលរបស់ក្រុមហ៊ុន Nvidia បាន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៨ ខែមករាបានបញ្ជាក់ថា ការខាតបង់ប្រាក់ជិត ៦០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nvidia នេះ គឺជាការធ្លាក់ចុះតម្លៃភាគហ៊ុន ១៧% នៅក្នុងទីផ្សារពិភពលោក។

គួរកត់សម្គាល់ថា Nvidia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនៅលើពិភពលោកដែលមានផលិតផលជាច្រើនប្រភេទដូចជា បន្ទះឈីប និងកម្មវិធី (Software) សំខាន់ៗជាច្រើនសម្រាប់ប្រើប្រាស់លើការងារធំៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាស្រ្ត។ យ៉ាងណាក្តី ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃបានបញ្ចេញនូវផលិតផលប្រភេទ Chatbot ថ្មីៗជាច្រើនរបស់ខ្លួន ដែលដំណើរការដោយបច្ចេកវិទ្យា AI និងមានសមត្ថភាពខ្ពស់គួរឱ្យកត់សម្គាល់ ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្រុមហ៊ុន DeepSeek​ ថែមទាំងបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទៅទាញយកកម្មវិធីទាំងនោះពីបណ្តាញអ៊ីនធឺណិតមកប្រើប្រាស់ដោយមិនគិតថ្លៃ ឬត្រូវបង់ប្រាក់បន្តិចបន្តួចជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: