អន្តរជាតិ

មនុស្ស ២០នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកប្រេងមួយគ្រឿងនៅស៊ូដង់ខាងត្បូង

BY
Pheakdey
January 30, 2025

ស៊ូដង់ខាងត្បូង៖យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេស​​​ស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា។ យន្តហោះដែលបានជួបគ្រោះថ្នាក់អកុសលនេះគឺជាយន្តហោះដឹកប្រេង ដែលមានទិញដៅធ្វើដំណើរចេញពីតំបន់រោងចក្រផលិតប្រេងនៅក្នុងរដ្ឋ Unity ឆ្ពោះទៅកាន់ក្រុង Juba នៃប្រទេសស៊ូដង់ខាងត្បូង។

យ៉ាងណាក្តី ក្រោយចេញដំណើរបានរយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះស្រាប់តែយន្តហោះបានធ្លាក់មកវិញ និងត្រូវផ្ទុះឆេះយ៉ាងឆាប់រហ័សតែម្តង ហើយតាមការសន្និដ្ឋានបឋមគឺគ្រោះថ្នាក់នេះអាចទំនងជាបានកើតឡើងដោយសារតែយន្តហោះបានផ្ទុកនូវប្រេងច្រើនលើសកម្រិត ដែលធ្វើឱ្យយន្តហោះធ្ងន់មិនអាចហោះហើរជាធម្មតាបាន។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងយន្តហោះមានផ្ទុកមនុស្សសរុបរហូតដល់ ២១នាក់ តែភ្លាមៗក្រោយយន្តហោះធ្លាក់គេបានជួយសង្គ្រោះមនុស្សម្នាក់ទាន់ពេលវេលា ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២០នាក់នោះគឺរួមមានពលរដ្ឋជនជាតិស៊ូដង់ខាងត្បូងចំនួន ១៥នាក់ ចិន ២នាក់ ឥណ្ឌា ១ម្នាក់ និងជនជាតិអ៊ូហ្គង់ដា ២នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: