ក្រុមអ្នកជំនាញព្រមានអ្នកធ្វើដំណើរឱ្យមានការប្រុងប្រយ័ត្នបន្ថែមចំពោះករណីនាំយកដុំសាកថ្មទូរស័ព្ទតាមខ្លួន ក្រោយមានករណីឆេះយន្តហោះនៅប្រទេសកូរ៉េ
- BY
- Pheakdey
- January 31, 2025
ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍បានព្រមានឱ្យអ្នកដំណើរតាមយន្តហោះទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការនាំយកដុំសាកថ្មទូរស័ព្ទតាមខ្លួន ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលអាចកើតឡើងយថាហេតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post កាលពីយប់ថ្ងៃទី ៣០ ខែមករា។ តាមអ្នកជំនាញបានបញ្ជាក់ថា ដុំសាកថ្មដែលអ្នកដំណើរគួរយកតាមខ្លួនពេលធ្វើដំណើរតាមយន្តហោះ ត្រូវតែជាដុំសាកថ្មមានម៉ាកល្បីៗ និងស្ថិតនៅក្នុងលក្ខខណ្ឌល្អ ពោលគឺមិនទាន់មានបញ្ហាខុសប្រក្រតីណាមួយឡើយ។

សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើង ក្រោយមានករណីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅក្នុងព្រលានយន្តហោះ Gimhae International Airport នៃប្រទេសកូរ៉េខាងត្បូង ខណៈករណីឆេះយន្តហោះដ៏កម្រនេះត្រូវបានគេសន្និដ្ឋានជាបឋមថា ទំនងជាបានបង្កឡើងដោយសារផ្ទុះឆេះដុំសាកថ្ម ដែលអ្នកដំណើរបានដាក់នៅកន្លែងដាក់អីវ៉ាន់នៅពីលើក្បាលរបស់ពួកគេ និងស្ថិតនៅក្រោមដំបូលនៃយន្តហោះ។ សូមរម្លឹកជូនផងដែរថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់ឆេះខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan មានទិសដៅហោះហើរចេញពីក្រុងហុងកុងឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយមានផ្ទុកអ្នកដំណើរសរុបចំនួន ១៦៩នាក់ និងអ្នកបម្រើការងារលើយន្តហោះចំនួន ៧នាក់ ខណៈហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សចំនួន ៧នាក់បានរងរបួស៕


អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post
- Share This Post:






