អន្តរជាតិ

តម្លៃភាគហ៊ុននៅតំបន់អាស៊ីបន្តធ្លាក់ចុះ ក្រោយអាមេរិកប្រកាសដំឡើងពន្ធនាំចូលពីប្រទេសចិន ម៉ិចស៊ីកូ និងកាណាដា ខណៈអ្នកជំនាញព្រមានពីការកើតមានសង្គ្រាមពាណិជ្ជកម្ម

BY
Pheakdey
February 4, 2025

ហុងកុង៖ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំៗជាច្រើននៅតំបន់អាស៊ីបានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារច្បាប់ដំឡើងពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣ ខែកុម្ភៈ។ គួរកត់សម្គាល់ថា ភាពរង្គោះរង្គើនៃតម្លៃហ៊ុននេះបានចាប់ផ្តើមកើតមានឡើងអស់រយៈពេល ២សប្តាហ៍មកហើយ ពោលគឺចាប់តាំងពីពេលដែលលោក ដូណាល់ ត្រាំ បានស្បថចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកម្លេះ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺតម្លៃហ៊ុនបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់តែម្តង។

សូមបញ្ជាក់ជូនថា ការធ្លាក់ចុះតម្លៃហ៊ុននៅតំបន់អាស៊ីគួរឱ្យកត់សម្គាល់នេះ គឺបានកើតឡើងក្រោយសហរដ្ឋអាមេរិកបានប្រកាសអនុវត្តច្បាប់ដំឡើងពន្ធនាំចូលពីប្រទេសម៉ិចស៊ិកូនិងកាណាដាចំនួន ២៥%​ ខណៈអត្រាពន្ធនាំចូលពីប្រទេសចិនត្រូវដំឡើង ១០%​ បន្ថែមទៀតពីលើពន្ធអត្រាពន្ធចាស់ ដែលធ្វើឱ្យចិនត្រូវបង់ពន្ធនាំចូលចំពោះផលិតផលខ្លួនដែលត្រូវនាំទៅលក់នៅអាមេរិកក្នុងអត្រាចន្លោះពី ១៥-៦០% តាមមុខទំនិញផ្សេងៗគ្នា។ ប្រភពខាងលើនេះបានបន្តថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុននៅតំបន់អាស៊ីដែលគួរឱ្យកត់សម្គាល់នោះរួមមាន៖

-តម្លៃហ៊ុននៅក្នុងទីក្រុងតៃប៉ិ បានធ្លាក់ចុះជាង ៣%

-តម្លៃហ៊ុននៅក្នុងទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងចាកាតា បានធ្លាក់ចុះជាង ២%

-តម្លៃហ៊ុននៅតំបន់ក្នុងទីក្រុងបាងកក បានធ្លាក់ចុះជាង ១%

-តម្លៃហ៊ុននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា ហុងុកុង និងទីក្រុងសៀងហៃ​ ក៏បានធ្លាក់ចុះក្នុងកម្រិតតិចតួចផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: