អន្តរជាតិ

តារាសម្តែងកូរ៉េជើងចាស់មួយរូបដែលដើរជាតួអង្គម្តាយនៅក្នុងរឿង “Squid Game” បានទទួលមរណភាព

BY
Pheakdey
February 3, 2025

កូរ៉េខាងត្បូង៖ តារាសម្តែងដែលដើរតួជាម្តាយនៅក្នុងរឿង “Squid Game”  ម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ៣ខែបន្ទាប់ពីគ្រូពេទ្យបានរកឃើញថា លោកស្រីមានជំងឺមហារីកក្រពះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅក្នុងថ្ងៃទី២ ខែកុម្ភៈ។ តារាសម្តែងស្រ្តីរូបនេះមានឈ្មោះពិតថា Lee Joo-Sil និងមានអាយុ ៨១ឆ្នាំ គិតត្រឹមពេលដែលរូបគាត់បានទទួលមរណភាព។

សម្រាប់នៅក្នុងរឿង “Squid Game” លោកស្រី Lee Joo-Sil បានសម្តែងជាតួអង្គឈ្មោះ Park Mal Soon ដែលត្រូវជាតួអង្គម្តាយរបស់លោក Hwang Jun Ho (Wi Ha Joon) និងជាម្តាយចុងរបស់លោក Hwang In Ho  (Lee Byung Hun) ផងដែរ។ ចំពោះបញ្ហាសុខភាពរបស់គាត់វិញ គឺលោកស្រី Lee Joo-Sil ត្រូវបានគេរកឃើញថា​ មានមេរោគជំងឺមហារីកសុដន់តាំងពី ៣០ឆ្នាំមុនម្លេះ ហើយជាច្រើនឆ្នាំកន្លងមកនេះគាត់ព្យាយាមអនុវត្តវិធីជាច្រើនដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ដូចជាការលេបថ្នាំនិងបាញ់កាំរស្មីជាដើម។ យ៉ាងណាក្តី ថ្មីៗនេះរាងកាយរបស់គាត់ហាក់មិនអាចទប់ទល់នឹងមេរោគនៃជំងឺមហារីកបានទៀតនោះទេ ដោយមេរោគនៃជំងឺមហារីកបានបន្តទៅកើតឡើងនៅក្នុងក្រពះរបស់គាត់បន្ថែមទៀតរហូតធ្វើឱ្យគាត់ត្រូវបាត់បង់ជីវិត ខណៈពិធីបុណ្យសពរបស់គាត់នឹងត្រូវរៀបចំឡើងនៅក្នុងមន្ទីរពេទ្យ Shinchon Severance Hospital នៅក្នុងថ្ងៃទី ៥ ខែកុម្ភៈនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: