មន្ត្រីអន្តោប្រវេសន៍៣០នាក់ នៅអាកាសយានដ្ឋានហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ត្រូវដកចេញពីតំណែង ជុំវិញករណីជ-ម្រិតទារប្រាក់ក្រៅផ្លូវការពីក្រុមភ្ញៀវទេសចរចិន
- BY
- Pheakdey
- February 3, 2025
(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចដកតួនាទីមន្ត្រីអន្តោប្រវេសន៍ចំនួន ៣០នាក់ ជុំវិញករណីជំរិតទារប្រាក់ពីអ្នកដំណើរជនជាតិចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣ ខែកុម្ភៈ។ មន្ត្រីអន្តោប្រវេសន៍ទាំង ៣០នាក់នោះគឺជាមន្ត្រីកំពុងប្រើប្រាស់ការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta International Airport ខណៈអត្តសញ្ញាណរបស់ពួកគាត់មិនត្រូវបានបង្ហាញជូនជាសាធារណៈឡើយ។

ប្រភពខាងលើនេះបានបន្តថា វិធានការដកតួនាទីមន្ត្រីទទួលបន្ទុកផ្នែកត្រួតពិនិត្យជនប្រវេសន៍នេះត្រូវបានធ្វើឡើង ក្រោយស្ថានទូតចិនប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានដាក់ពាក្យបណ្តឹងផ្លូវការមួយទៅកាន់អាជ្ញាធរឥណ្ឌូនេស៊ី ដោយនៅក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា ករណីដែលមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានទារប្រាក់បន្ថែមក្រៅផ្លូវការពីក្រុមអ្នកដំណើរចិនមានរហូតដល់ ៤៤ករណីនារយៈពេលថ្មីៗនេះ។ យ៉ាងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ជាក់ស្តែងដែលមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូនេស៊ីបានជំរិតទារបន្ថែមពីក្រុមអ្នកដំណើរជនជាតិចិនឡើយ ខណៈស្ថានទូតចិនបានបញ្ជាក់ត្រឹមថា ករណីជំរិតទារប្រាក់នេះគឺជាករណីដែលពលរដ្ឋចិននិងរដ្ឋាភិបាលចិនមិនអាចទទួលយកបាននោះទេ ហើយអាជ្ញាធរឥណ្ឌូណេស៊ីត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






