អន្តរជាតិ

តៃវ៉ាន់ ចេញបទបញ្ជាហាមឃាត់គ្រប់ស្ថាប័នជាតិមិនឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន

BY
Pheakdey
February 4, 2025

តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានចេញបទបញ្ជាហាមឃាត់គ្រប់ស្ថាប័នជាតិមិនឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek របស់ចិននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣​ ខែកុម្ភៈ។ ការហាមឃាត់យ៉ាងតឹងរឹងនេះត្រូវបានធ្វើឡើងដើម្បីការពារសន្តិសុខជាតិ ពោលគឺការពារការលួចតាមដានឬលួចប្រមូលយកព័ត៌មានសំខាន់ៗរបស់ជាតិពីសំណាក់កម្មវិធី DeepSeek នេះតែម្តង។

គួររម្លឹកជូនថា​ ការសម្រេចហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីអេឡិចត្រូនិចរបស់ចិននេះមិនមែនជារឿងថ្មីឡើយ ដ្បិតនាពេលកន្លងមកបណ្តាប្រទេសធំៗមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរបានចោទប្រកាន់ដូចៗគ្នាថា កម្មវិធីមួយចំនួនរបស់ចិន ដូចជា TikTok និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពម៉ាកល្បីៗមួយចំ​នួន គឺជាបណ្តាញចារកម្មរបស់ចិន ពោលគឺកម្មវិធីទាំងនេះមានសមត្ថភាពអាចលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ សូមបញ្ជាក់ជូនថា ក្រៅតែពីកោះតៃវ៉ាន់ គិតត្រឹមពេលនេះប្រទេសបារាំង អ៊ីតាលី កូរ៉េខាងត្បូង និងប្រទេសអៀរឡង់ក៏កំពុងតាមដានយ៉ាងចិត្តទុកដាក់ចំពោះកម្មវិធី DeepSeek ផងដែរ ដើម្បីធ្វើឱ្យប្រាកដថាកម្មវិធីដ៏ឆ្លាតវ័យនេះអាចលួចតាមដានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានឬអត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: