អន្តរជាតិ

វេជ្ជបណ្ឌិតថៃ ណែនាំក្រុមអ្នកទេសចរឱ្យពិចារណាឡើងវិញចំពោះគម្រោងទៅកម្សាន្តនៅជប៉ុន ដ្បិតជប៉ុនកំពុងប្រឈមនឹងការរាតត្បាតជំងឺផ្តាសាយយ៉ាងខ្លាំង

BY
Pheakdey
February 6, 2025

ថៃ៖ អាជ្ញាធរថៃបានចេញសេចក្តីណែនាំមួយឱ្យប្រជាពលរដ្ឋខ្លួនពិចារណាឡើងវិញចំពោះការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ដ្បិតនៅក្នុងប្រទេសជប៉ុនកំពុងមានការរាតត្បាតជំងឺផ្តាសាយយ៉ាងខ្លាំង​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ ការដាក់ចេញសេចក្តីណែនាំនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសរកឃើញ មានអ្នកឆ្លងជំងឺផ្តាសាយសរុបចំនួន ៩,៥២៣ លានករណី នៅក្នុងរយៈពេល ១៤៤ថ្ងៃចុងក្រោយនេះ។

បើតាមលោកវេជ្ជបណ្ឌិត​ Jade Boonyawongwiroj ដែលជាជំនួយការប្រចាំនៅមន្ទីរពេទ្យ Maharat Nakhon Ratchasima ក្នុង​ប្រទេសថៃបានផ្តល់ដំបូន្មានថា ប្រសិនបើការធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅក្នុងអំឡុងពេលនេះគឺជារឿងចាំបាច់មិនអាចខកខានបាននោះ អ្នកដំណើរទាំងអស់គួរដាក់ថ្នាំផ្តាសាយតាមខ្លួនដើម្បីងាយស្រួលលេបក្នុងករណីបានឆ្លងជំងឺផ្តាសាយ ខណៈលទ្ធភាពនៃការឆ្លងជំងឺផ្តាសាយនៅក្នុងប្រទេសជប៉ុនគឺមានខ្ពស់ខ្លាំងណាស់។ ចំពោះថ្នាំព្យាបាលជំងឺផ្តាយ ដែលលោកវេជ្ជបណ្ឌិត Jade Boonyawongwiroj បានណែនាំឱ្យអ្នកដំណើរទៅប្រទេសជប៉ុនគួរយកតាមខ្លួនវិញ គឺថ្នាំ Oseltamivir ឬថ្នាំម៉ាកផ្សេងៗទៀត ដែលមានគុណភាពដូចថ្នាំប្រទេសនេះ។ សូមបញ្ជាក់ជូនថា ជាមួយនឹងតួលេខអ្នកឆ្លងជំងឺផ្តាសាយជាង ៩លានករណីខាងលើនេះគឺមានន័យថា ជាមធ្យមនៅជប៉ុនមានឆ្លងជំងឺផ្តាសាយចំនួន ៦៦,១៣២ករណីនៅក្នុងមួយថ្ងៃ ដែលចំនួនឆ្លងថ្មីដ៏ច្រើនបំផុតមួយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: