បន្តិចទៀតលេងបានឃើញកីឡាករនេះលើទីលានទៀតហើយ!! ខ្សែបម្រើចាស់វស្សា Xavi បានសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់នៅដំណាច់រដូវកាលនេះ
- May 3, 2019
ថ្មីៗនេះតាមរយៈផេកផ្លូវការរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានអោយដឹងថាកីឡាករខ្សែបម្រើចាស់វស្សា Xavi Hernandez បានសម្រេចចិត្តចូលនិវត្តន៍នៅចប់រដូវកាលនេះហើយ បន្ទាប់ពីបានចំនាយពេលជាមួយបាល់ទាត់ស្ទើរតែពាក់កណ្តាលជីវិតទៅហើយ។ គួរបញ្ជាក់ផងដែរថា Xaviដែលមានវ័យ ៣៩ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាបាល់ទាត់ដំបូងនៅក្នុងឆ្នាំ១៩៩៧ ដោយកាលនោះលេងនៅក្នុងឈុត Barcelona B ហើយក្រោយមកបន្តលេងនៅក្នុងឈុតធំរបស់ក្លឹប Barcelona រហូតដល់ឆ្នាំ២០១៥។ ជាមួយគ្នានេះដែរ Xavi ជាកីឡាករដែលទទួលបានជោគជ័យខ្លាំងមិនថាលេងអោយក្លឹប ឬក៏ប្រទេសនោះទេ និងបានជួយអោយក្លឹប Barcelona លើកពានជាច្រើនដូចជា ពាន La Liga Champion League និងពានតូចធំជាច្រើន។

ហើយចំណែកឯសម្រាប់ប្រទេសវិញ គាត់បានជួយក្រុមជម្រើសជាតិអេស៉្បាញអោយលើកពានជាច្រើនដូចគ្នា ដូចជា World Cup នៅក្នុងឆ្នាំ ២០១០ ពានអឺរ៉ូនៅក្នុងឆ្នាំ២០០៨ និង ២០១២ ផងដែរ។ ក្រោយមកគាត់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រកួតពាន World Cup រួច។ទោះជាយ៉ាងណាក៏ដោយរូបគាត់មិនបានបញ្ចប់អាជីពបាល់ទាត់នៅក្នុងក្លឹបជាទីស្រលាញ់របស់គាត់នោះទេ ដោយ Xavi បានចាកចេញពីក្លឹប Barcelona នៅក្នុងឆ្នាំ២០១៥ដើម្បីទៅចូលរួមលេងអោយក្លឹបមួយនៅក្នុងប្រទេសអារ៉ាប់។ តែនៅពេលនេះគាត់បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ និងត្រូវបានគេរំពឹងថាគាត់នឹងបន្តចាប់អាជីពជាគ្រូបង្វឹកនៅពេលអនាគត៕
អត្ថបទ៖ សុគុណា
ប្រភព៖ Barcelona.com
- Share This Post:











