អន្តរជាតិ

ចិននិងហុងកុង គ្រោងប្តឹងអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញច្បាប់ដំឡើងពន្ធនាំចូលរបស់អាមេរិក

BY
Pheakdey
February 8, 2025

ហុងកុង៖ រដ្ឋាភិបាលហុងកុងគ្រោងនឹងដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ជុំវិញករណីដែលសហរដ្ឋអាមេរិកបានសម្រេចអនុវត្តច្បាប់ដំឡើងពន្ធនាំចូលក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៨ ខែកុម្ភៈ។ គ​ម្រោងដាក់ពាក្យបណ្តឹងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសថា នឹងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកជុំវិញករណីដូចគ្នានេះផងដែរ។

គួររម្លឹកជូនថា​​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសដំឡើងពន្ធនាំចូលពីប្រទេសកាណាដានិងម៉ិចស៊ីកូ ២៥% និងពីប្រទេសចិនចំនួន ១០%បន្ថែមទៀតពីលើអត្រាពន្ធចាស់ ដែលតាមរយៈច្បាប់ថ្មីនេះគឺមានន័យថា ចិននឹងត្រូវបង់ពន្ធលើទំនិញរបស់ខ្លួនដែលត្រូវនាំយកទៅលក់នៅអាមេរិកក្នុងចន្លោះពី ១៥% ទៅដល់ ៦០% តាមមុខទំនិញផ្សេងៗគ្នា ខណៈទំនិញភាគច្រើនរបស់ចិនគឺត្រូវបង់ពន្ធក្នុងអត្រា ៤០%។ សូមរបញ្ជាក់ជូនថា ច្បាប់ដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះមិនត្រឹមតែផ្តល់ផលប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសកាណាដា ម៉ិចស៊ីកូ និងចិននោះទេ តែប្រទេសប្រទេស​ ដែនដីស្វយ័ត និងក្រុមហ៊ុនអន្តរជាតិជាច្រើន​ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំង ៣នេះក៏ត្រូវរងផលប៉ះដោយប្រយោលផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: