អន្តរជាតិ

ឥណ្ឌូណេស៊ី ចាប់ផ្តើមផ្តល់សេវាពិនិត្យសុខភាពទូទៅប្រចាំឆ្នាំទៅកាន់ពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីកាត់បន្ថយអត្រាមរណភាពមុនអាយុ

BY
Pheakdey
February 10, 2025

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីនៅក្នុងថ្ងៃទី ១០ ខែកុម្ភៈនេះ ​បានចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់សេវាពិនិត្យខុសភាពប្រចាំឆ្នាំដោយមិនគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កម្មវិធីដែលត្រូវការចំណាយប្រាក់រហូតដល់ ៣ពាន់ពាន់លានរូពៀ (ជិត ១៨៣ លានដុល្លារ) នេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងការពារការស្លាប់មុនអាយុរបស់ប្រជាពលរដ្ឋ ខណៈនាពេលកន្លងមកបញ្ហានេះបានកើតមានជារឿញៗចំពោះក្រុមពលរដ្ឋដែលមិនមានទម្លាប់ទៅពិនិត្យសុខភាពជាប្រចាំ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា កម្មវិធីផ្តល់ជូនពិសេសនេះនឹងត្រូវអនុវត្តគ្រប់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលមានអាយុឆាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយពួកគេអាចមកទទួលយកសេវាពិនិត្យសុខភាពនេះបានម្តងនៅក្នុងមួយឆ្នាំ ពោលគឺនៅរៀងរាល់ថ្ងៃខួបកំណើតរបស់ពួកគេ។ ប្រភពខាងលើបានបន្តថា សម្រាប់បញ្ហាសុខភាពដែលក្រុមប្រជាពលរដ្ឋអាចមកពិនិត្យដោយមិនគិតថ្លៃនោះមានដូចជា ការពិនិត្យសម្ពាធឈាម ការពិនិត្យបញ្ហាបេះដូង បញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល និងសុខភាពភ្នែកជាដើម។ បើតាមលោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបង្ហាញសុទិដ្ឋិនិយមថា កម្មវិធីពិនិត្យសុខភាពជាប្រចាំនេះនឹងជួយកាត់បន្ថយអត្រាស្លាប់មុនអាយុបានមួយចំណែក ដ្បិតប្រជាពលរដ្ឋនឹងបានដឹងអំពីបញ្ហាសុខភាពដែលពួកគាត់កំពុងមាននៅក្នុងដំណាក់កាលដំបូង ដែលជាភាពងាយស្រួលមួយក្នុងការព្យាបាលបញ្ហាសុខភាពទាំងនោះ។ សូមបញ្ជាក់ជូនថា ការទៅពិនិត្យសុខភាពដោយមិនគិតថ្លៃ គឺជម្រើសរបស់ប្រជាពលរដ្ឋម្នាក់ៗ តែវាមិនមែនជាកាតព្វកិច្ចកំណត់ដោយច្បាប់ឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: