អន្តរជាតិ

លោក ត្រាំ និងលោក ពូទីន នឹងជួបគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឆាប់ៗនេះ​ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

BY
Pheakdey
February 13, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣​ ខែកុម្ភៈ។ យ៉ាងណាក្តី កាលបរិច្ឆេទជាក់លាក់នៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ នៅមិនទាន់មានការបង្ហាញជូននៅឡើយទេ។

ប្រភពខាងលើបានបន្តថា ការបញ្ជាក់អំពីគម្រោងនៃការរៀបចំកិច្ចពិភាក្សាខាងលើនេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ក្រោយពីរូបលោកបានជជែកគ្នារតាមរយៈទូរស័ព្ទដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន។ គួរកត់សម្គាល់ថា នាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា ក្រោយពេលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម គឺលោកនឹងជួយសម្របសម្រួលក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនភ្លាម ដើម្បីធានាឱ្យបានស្ថេរភាពនិងសន្តិសុខទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: