អន្តរជាតិ

អ្នកដំណើរ ១៨នាក់បានបាត់បង់ជីវិត, ១៥នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងស្ថានីយរថភ្លើងនៅឥណ្ឌា

BY
Pheakdey
February 16, 2025

ឥណ្ឌា៖​ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងស្ថានីយរថភ្លើងមួយកន្លែងក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅក្នុងថ្ងៃអាទិត្យ​ ទី១៦ ខែកុម្ភៈ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺរួមមានជនរងគ្រោះជាកុមារចំនួន ៥នាក់ ស្រ្តីអាយុ ៧០ឆ្នាំម្នាក់ និងក្រៅពីនេះគឺសុទ្ធតែជាក្រុមពលរដ្ឋពេញវ័យ ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤៧ឆ្នាំ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៥ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមានអ្នកដំណើរចំនួន ៣នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ប្រភពខាងលើបានបន្តថា ស្ថានីយរថភ្លើងដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង New Delhi​ ហើយជើងរថយន្តភ្លើងដែលក្រុមអ្នកដំណើរសម្រុកនាំគ្នាទៅជិះនេះគឺជាជើងរថភ្លើងមានទិសដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងកំពុងមានការរៀបចំពិធីបុណ្យបែបសាសនាដ៏ធំមួយមានឈ្មោះថា ពិធីបុណ្យ Maha Kumbh។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុផលដែលនាំឱ្យមានការរត់ជាន់គ្នាគឺដោយសារអ្នកដំណើរម្នាក់ៗសុទ្ធតែប្រញាប់ទៅចូលរួមពិធីបុណ្យ Maha Kumbh ទើបធ្វើឱ្យពួកគេសម្រុករត់ចូលទៅក្នុងរងភ្លើងព្រមៗគ្នាដោយខ្លាចខកខានមិនបានចូលរួមពិធីបុណ្យ ហើយជាអកុសលក៏មានការជាន់គ្នាតែម្តង៕  

អត្ថបទ៖ ភក្តី

ប្រភព៖ NDTV

Share This Post: