ថៃ រកឃើញអ្នកឆ្លងជំងឺផ្តាសាយជាង ១សែនករណី ខណៈក្នុងនោះមានពលរដ្ឋ ៩នាក់បានបាត់បង់ជីវិត
ថៃ៖ ប្រទេសថៃកំពុងប្រឈមនឹងការរាតត្បាតជំងឺផ្តាសាយក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៩ ខែកុម្ភៈ។ គិតត្រឹមពេលនេះតួលេខអ្នកឆ្លងជំងឺផ្តាសាយនៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ១០៧,៥៧០ករណី ខណៈនៅក្នុងនោះក៏មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៩ករណីផងដែរ។

បើតាមក្រសួងសុខភាពសាធារណៈថៃបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលងាយឆ្លងជំងឺផ្តាសាយខ្ពស់ជាងគេគឺកុមារដែលមានអាយុចន្លោះពី ១០ឆ្នាំ ដល់ ១៤ ឆ្នាំ យ៉ាងណាក្តីនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៩នាក់នោះ ក៏មានជនរងគ្រោះម្នាក់ជាមនុស្សចំណាសមានអាយុ ៨៦ឆ្នាំផងដែរ។ ប្រភពខាងលើនេះបានបន្តថា ទីតាំងដែលកំពុងរងការរាតត្បាតនៃជំងឺផ្តាសាយខ្លាំងបំផុតនោះគឺមានចំនួន ១០ ដូចជា៖
១៖ ទីក្រុងបាងកក
២៖ ខេត្ត Phayao
៣៖ ខេត្ត Lamphun
៤៖ ខេត្ត Chiang Rai
៥៖ ខេត្ត Phuket
៦៖ ខេត្ត Chiang Mai
៧៖ ខេត្ត Lampang
៨៖ ខេត្ត Nan
៩៖ ខេត្ត Ubon Ratchathani
១០៖ និងខេត្ត Nonthaburi៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time