ស្ថាប័នសេវាកម្មចំណូលផ្ទៃក្នុងអាមេរិក គ្រោងកាត់បន្ថយបុគ្គលិក ៦,៧០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ
- BY
- Pheakdey
- February 21, 2025
អាមេរិក៖ ស្ថាប័នជាតិមួយរបស់សហរដ្ឋអាមេរិកគឺស្ថាប័នសេវាកម្មចំណូលផ្ទៃក្នុងអាមេរិក (US Internal Revenue Service) ឬហៅកាត់ថា IRS អាចនឹងបញ្ឈប់បុគ្គលិកចំនួន ៦,៧០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែកុម្ភៈ។ បុគ្គលិកជាង ៦,០០០នាក់នេះគឺស្មើនឹង ៦% នៃចំនួនបុគ្គលិកសរុបរបស់ស្ថាប័នជាតិមួយនេះ។

យ៉ាងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការបញ្ឈប់បុគ្គលិកទាំងអស់នេះនៅឡើយទេ ហើយបញ្ជីឈ្មោះបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់ចោលក៏មិនទាន់មានការបង្ហាញជូននៅឡើយដែរ។ គួររម្លឹកជូនថា ក្រោយពេលចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ បានតែងតាំងលោកមហាសេដ្ឋីលំដាប់ទី ១នៅលើពិភពលោក Elon Musk ឱ្យធ្វើជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលអង្គភាពមួយនេះមានតួនាទីត្រួតពិនិត្យឡើងវិញរាល់ការចំណាយរបស់រដ្ឋាភិបាលអាមេរិក និងលើកយោបល់ជូនលោក ដូណាល់ ត្រាំ អំពីផែនការត្រូវកាត់បន្ថយចំណាយមិនចាំបាច់ផ្សេងៗ រួមទាំងគម្រោងកាត់បន្ថយក្រុមបុគ្គលិកតាមស្ថាប័នរដ្ឋនានា ដែលមិនមានតួនាទីចាំបាច់ផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






