សាកលវិទ្យាល័យនៅប្រទេសចិន ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាល DeepSeek ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
- BY
- Pheakdey
- February 22, 2025
ចិន៖ សាកលវិទ្យាល័យនានានៅទូទាំងប្រទេសចិនបានចាប់ផ្តើមបើកវគ្គបណ្ដុះបណ្ដាលលើមុខវិជ្ជាបញ្ញាសិប្បនិមិត្ត (AI) ដោយផ្អែកលើកម្មវិធី DeepSeek ជាមូលដ្ឋាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ។ គោលបំណងនៃការបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញពិសេសនេះគឺដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បិនិមិត្ត ដែលជាបច្ចេកវិទ្យាដ៏ទំនើបនិងសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។

សាកលវិទ្យាល័យ Shenzhen ដែលមូលដ្ឋាននៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើមុខវិជ្ជាបញ្ញាសិប្បនិមិត្តដោយផ្អែកលើកម្មវិធី DeepSeek នេះ នឹងជួយឱ្យក្រុមនិស្សិតបានសិក្សាយ៉ាងទូលំទូលាយអំពីមុខងារបច្ចេកវិទ្យាសំខាន់ៗ ប្រពន្ធសុវត្ថិភាព ឯកជនភាព ក្រមសីលធម៌ និងបញ្ហាប្រឈមផ្សេងៗដែលអាចបង្កឡើងដោយបញ្ញាសិប្បនិមិត្ត។ សូមរម្លឹកជូនថា ក្រុមហ៊ុនបច្ចេកវិទ្យា DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Hangzhou ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឱ្យវិស័យបច្ចេកវិទ្យានៅលើពិភពលោកមានភាពរង្គោះរង្គើយ៉ាងខ្លាំង ក្រោយបានបញ្ចេញកម្មវិធី DeepSeek-V3 និង DeepSeek-R1 ឱ្យប្រើប្រាស់ដោយមិនគិតថ្លៃនៅលើបណ្តាញអ៊ីនធឺណិត ខណៈកម្មវិធីបញ្ញាសិប្បនិមិត្តរបស់ចិននេះមានសមត្ថភាពយ៉ាងខ្លាំងមិនចាញ់កម្មវិធីបញ្ញាសិប្បនិមិត្តរបស់អាមេរិកឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






