អន្តរជាតិ

Alibaba គ្រោងវិនិយោគប្រាក់ ៥០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

BY
Pheakdey
February 25, 2025

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Alibaba បានបង្ហាញផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារ​​លើគម្រោងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធ Cloud Computing (​ការ​ផ្តល់​សេវា IT តាម​អ៊ីនធឺណិត​ឱ្យស្របតាម​តម្រូវ​ការ) នេះបើយោងតាមាការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia។ ការបង្ហាញអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីលោក Jack Ma សហស្ថាបនិក Alibaba បានជួបគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន Xi Jinping។

ប្រភពខាងលើបានបន្តថា គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាលរបស់ក្រុមហ៊ុន Alibaba នៅពេលនេះ នឹងត្រូវអនុវត្តឡើងក្នុងរយៈពេល ៣ឆ្នាំ​ ដោយគិតចាប់ពីឆ្នាំ ២០២៥នេះតទៅ។ គួររម្លឹកជូនថា លោកមហាសេដ្ឋី Jack Ma ហាក់បានបាត់ខ្លួនពីពិភពអាជីវកម្ម និងការបង្ហាញខ្លួនជាសាធារណៈនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពីរូបគាត់បាននិយាយរិះគន់រដ្ឋាភិបានចិនជុំវិញការអនុវត្តច្បាប់មួយចំនួនដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពអាជីវកម្មនៅតាមក្រុមហ៊ុនឯកជននានាក្នុងប្រទេសចិន។ យ៉ាងណាក្តី តាមរយៈការបង្ហាញពីគម្រោងវិនិយោគខាងលើគឺអាចបង្ហាញបានថា ទំនាក់ទំនងរវាងក្រុមហ៊ុនយក្ស Alibaba ជាមួយនិងរដ្ឋាភិបាលចិនបានត្រលប់មករកភាពល្អប្រសើរជាប្រក្រតីឡើងវិញហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: